(ភ្នំពេញ)៖ មន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានអង្គភាព Fresh News ថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនជនសង្ស័យ ៤នាក់ (ស្រីម្នាក់) ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ទៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។
ក្នុងចំណោមជនសង្ស័យទាំង ៤នាក់ មានជនសង្ស័យម្នាក់ ឈ្មោះ សេង តុលា ហៅ ខៀម តុលា ភេទប្រុស គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចធ្លាប់ចាប់ចំនួន ៣លើករួចមកហើយ ប៉ុន្តែមិនដែលចេះជាប់គុកបានយូរ ពោលគឺជាប់បានតែមួយភ្លែតៗ បានចេញមករកស៊ីដូចដើម។
មន្រ្តីបាននិយាយថា ជនសង្ស័យឈ្មោះសេង តុលា ហៅ ខៀម តុលា មានថ្នាក់លើចាំជួយរត់ការដោះលែងរហូត របូតដល់ទៅ៣ដងរួចមកហើយ។ សមត្ថកិច្ចសង្ឃឹមថាលើកនេះ តុលាការនឹងពិចារណាលើការដាក់ទោសទណ្ឌលើជនសង្ស័យម្នាក់នេះ ឱ្យបានយូរបន្តិច ព្រោះនគរបាល ចាប់ជនល្មើសៗ មុខដដែលៗ ញឹកពេកពេលខ្លះក៏មានអារម្មណ៍ខ្មាសជនល្មើសដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ សហការគ្នាដើម្បីលុបបំបាត់ឱ្យបាននៅបទល្មើសជួញដូរគ្រឿងញៀន។
សូមជម្រាបជូនថា កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង តុលា ហៅ ខៀម តុលា និងបក្ខពួក ៣នាក់ (ស្រីម្នាក់) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលមួយក្នុងកន្លែងម្តុំក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងទឹកដីខណ្ឌមានជ័យ៕