(ឧត្ដរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត ត្រូវធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ដែលជាប្រធានកិត្តិយសសមាគមខេត្ត ជួយដល់គ្រួសារអតីតយុទ្ធជនទាំងអស់ដែលកំពុងរស់នៅទីនេះ និងចលនាឲ្យតាមន្ទីរការិយាល័យជុំវិញខេត្តជួយពួកគាត់ ដើម្បីពួកគាត់មានលទ្ធភាពបង្កបង្កើនផលបានទាន់ពេលវេលាក្នុងរដូវវស្សានេះ។
ការថ្លែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ត្រូវបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាល់ជាមួយ អតីតយុទ្ធជនចំនួន៤៨គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះជូនកន្លងមក នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពី លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត។
បន្ទាប់ពីនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ទេសរដ្ឋមន្រ្តី គន់ គីម បានអំពាវនាវឲ្យ អតីតយុទ្ធជនទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមកដូចបងប្អូន។ ទន្ទឹមនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស មរតកសន្តិភាព កុំជឿលើការញុះញង់របស់ពួកប្រឆាំងដែលមានទណ្ឌិត សម រង្សី ជាមេក្លោង។
សូមបញ្ជាក់ថា អតីតយុទ្ធជនដែលចូលរួមក្នុងពិធីនេះ ទទួលអង្ករ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ នៅក្នុងឱកាសនោះ ឆ្លើយតបតាមការអំពាវនាវរបស់អគ្គលេខាធិការក្រុមហ៊ុនកោះថ្មី (ត្នោត ញូវ) តិចណូឡូជី បានផ្តល់ផ្ទះ១០០ខ្នង សម្រា់ប់ជូនបងប្អូនអតីតយុទ្ធជន។
ជាមួយគ្នានេះ លោក ឡាញ់ សារ យោធិនពិការ តំណាងសមាជិកទាំង៤៨គ្រួសារ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងពីរ ដែលគិតគូរដល់ពួកគាត់ ឲ្យបានទទួលផ្ទះទទួលដីបង្កបង្កើនផល ធ្វើឲ្យជីវិតចុងក្រោយរបស់គាត់មានលំនឹង និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី បីបាច់ថែរក្សាសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ សូមមានសិរីសួរស្តី និងបន្តដឹកនាំប្រទេសទទួលបានការរីកចម្រើនជានិច្ចនិរន្ត៕