(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក បានអំពាវដល់សមាជិកសមាជិកា គណបក្ស និង ប្រជាជនទាំងអស់ ឲ្យបន្តគាំទ្រការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។
ការអំពាវនាវរបស់ លោក ជា ចាន់តូ ធ្វើឡើងក្នុងការក្នុងមិទ្ទិញអបអរសាទរខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃទី២៨ ខែមិថុនា ២០១៩ រៀបចំឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សស្រុក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានលើកយកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៩ ក្នុងខួបលើកទី៦៩ របស់គណបក្ស មកបញ្ជាក់ជូនសមាជិក-សមាជិកាឲ្យដឹងថា «នៅឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើន ក្នុងអត្រា៧.១% ដែលគាំទ្រដោយកំណើនរឹងមាំនៃ វិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ទោះបីវិស័យកសិកម្ម នៅបន្តមានកំណើនទាបក្ដីនៅឡើយក៏ដោយ»។
លោកបានអានសន្ទរកថា សម្តេចតេជោ ហ៊ុន សែន បន្ដទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ រាល់សកម្មភាពសេដ្ឋកិច្ចកំពុងបន្តដំណើរការយ៉ាងល្អ។ ជាក់ស្តែរយៈពេល៤ខែដើមឆ្នាំ គម្រោងវិនិយោគ ១១៥គម្រោង ដែលមានទុនវិនិយោគប្រមាណ៤ពាន់លានដុល្លារត្រូវបានអនុម័ត ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨មាន៨១គម្រោង និងទុនវិនិយោគប្រមាណ៨៦៣លានដុល្លារអាមេរិក។ ដូចនេះក្នុងនាមប្រជាជនកម្ពុជា ត្រូវបន្តការពារ និងកសាងសមិទ្ធផលថ្មីៗដែលមានឲ្យគង់វង្ស ដើម្បីឆ្លើយតប តាមសេចក្ដីត្រូវការ របស់សង្គម និងប្រជាជនពិសេសសន្តិភាព ដែលជាសេចក្ដីត្រូវការមិនអាចខ្វះបាន សម្រាប់បន្តអភិវឌ្ឍន៏សេដ្ឋកិច្ច និងប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថ្មីៗបន្តទៀត។
លោក ជា ចាន់តូ បានរំលឹកថា រយៈពេល៤០ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសប្រកបដោយភាពជោគជ័យ តាមមាគ៌ាមួយដ៏ត្រឹមត្រូវមិនឆ្វេង-មិនស្ដាំ មិនបាត់ម្ចាស់ការគឺមានលក្ខណៈប្រាកដ។ ជាក់ស្ដែងដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាតិ និងអន្ដរជាតិ។
លោកបន្ដទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរស់ទាំងសុខទាំងទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងនាំប្រទេសជាតិឲ្យរស់នៅដោយសុខសាន្ត និងសម្បូររុងរឿងហើយក៏គ្មានកំលាំងអមិត្តណាមួយ មកបំបែកមហាកំលាំងសាមគ្គីរបស់ប្រជាជនកម្ពុជា និងគណបក្សប្រជាជនដែលកើតចេញពីប្រជាជន ដើម្បីប្រជាជននោះបានឡើយ៕