(កំពង់ធំ)៖ កូនខ្មែរវ័យក្មេងចំនួន ៣រូប ដែលធ្លាប់ជាអតីតពលករ បម្រើការងារនៅប្រទេសកូរ៉េខាងត្បូង កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះបានអភិវឌ្ឍខ្លួន ក្លាយជាម្ចាស់បុរីលំនៅដ្ឋានបែបទំនើប ដែលជាជំនួញក្នុងវិស័យអចលនទ្រព្យ កំពុងតែមានសក្ដានុពល និងមានប្រជាប្រិយភាព នៅក្នុងខេត្តកំពង់ធំ។
សមាសភាពកូនខ្មែរ ដែលបានប្រែក្លាយជីវិតពីភាពជាពលករ បម្រើការងារនៅក្នុងប្រទេសកូរ៉េ រកចំណូលដោយការប្ដូរកម្លាំងកាយ មកជាម្ចាស់បុរីលំនៅដ្ឋានបែបទំនើប សុកគា ស៉ីធី ទាំង៣នាក់ ដូចបានលើកឡើងខាងលើនេះ រួមមាន៖ ទី១៖ លោក ស៉ឺន សុកគា អាយុ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកក្រុមហ៊ុន, ទី២៖ លោក ចាន់ ឃីន អាយុ២៥ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកផ្នែកទីផ្សារ និងទី៣៖ លោក ផុន សាមាន អាយុ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិក និងជានាយកផ្នែកទីផ្សារ។ អ្នកទាំង៣បានសហការគ្នា ចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដោយការបោះទុនវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន ក៏ដូចជាវិស័យដីធ្លីផងដែរ។
លោក ស៉ឺន សុកគា បានប្រាប់ឱ្យដឹងថា លោកធ្លាប់ធ្វើការនៅប្រទេសកូរ៉េ អស់រយៈពេល២ឆ្នាំ ៨ខែ។
លោកបញ្ជាក់ថា «ការដែលផ្តាច់ខ្លួនពីការធ្វើបានប្រាក់ខែ រាប់ពាន់ដុល្លារ មកចាប់ផ្តើមអាជីវកម្មផ្ទាល់ វាមិនមែនជាការងាយទេ។ យើងត្រូវប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែយើងត្រូវតែជំនះឱ្យបាន ដូចជា៖ កត្តាគ្រួសារ កត្តាសង្គម ភាពប្រឈមជាមួយមនុស្ស និងអ្នកធ្វើជំនួញក្នុងវិស័យតែមួយ ដែលកំពុងស្ថិតនៅជុំវិញខ្លួនយើង ហើយជាពិសេសនោះ គឺខ្លួនឯងផ្ទាល់តែម្តង»។
លោក ចាន់ ឃីន បានប្រាប់ឱ្យដឹងផងដែរថា លោកធ្លាប់បម្រើការងារជាពលករ នៅក្នុងប្រទេសកូរ៉េ អស់រយៈពេល ៣ឆ្នាំ៦ខែ។
លោកបានបន្តថា «គ្រប់យ៉ាងគឺស្ថិតនៅក្នុងដៃរបស់យើង បើមើលឃើញថាមានឱកាសដែលល្អហើយ មិនគួរណាយើងបោះបង់នោះទេ ប៉ុន្តែយើងត្រូវតែសិក្សាឱ្យបានលម្អិត និងច្បាស់លាស់ ដើម្បីអាចទាញយកផលចំណេញពីវាឱ្យបាន។ និយាយឱ្យចំទៅ ដូចជាខ្ញុំផ្ទាល់ ដែលខ្ញុំតែងតែសម្លឹងមើល ពីឱកាសនៅជុំវិញខ្លួនខ្ញុំ បើឃើញថាល្អហើយ មានសុវត្ថិភាពថែមទៀតនោះ ខ្ញុំនឹងចាប់យកឱកាសនោះមកកាន់ក្នុងដៃតែម្ដង»។
ជាមួយគ្នានេះ លោក ផុន សាមាន បានប្រាប់ឱ្យដឹងថា លោកក៏ជាអតីតពលករបម្រើការងារ នៅក្នុងប្រទេសកូរ៉េ រយៈពេល ២ឆ្នាំ១០ខែ ប៉ុន្តែពេលនេះលោកបានផ្លាស់ប្ដូរ ជីវិតពីភាពជាពលករ មកជាអ្នកជំនួញ។
លោកបានបញ្ជាក់ថា «យើងគួរតែចេះផ្តល់តម្លៃនៃពេលវេលាផ្ទាល់ខ្លួន និងការចាត់ចែងចំណូលចំណាយឱ្យបានល្អ បើមិនដូច្នេះទេ រយៈពេលដែលយើងរស់នៅ ប្រទេសកូរ៉េអាចនឹងមិនរីកចម្រើន ឬក៏ត្រលប់មកស្រុកខ្មែរវិញ ដោយមិនសល់អ្វីទាល់តែសោះ។ ហេតុនេះយើងគួរតែចាប់ផ្តើមក្នុងការកំណត់គោលដៅ និងពេលវេលាឱ្យបានច្បាស់លាស់ ដើម្បីអាចបង្កើនលទ្ធភាពផ្ទាល់ខ្លួន រួមជាមួយសមិទ្ធផលនានា នៅពេលយើងត្រលប់មកប្រទេសវិញ»។
នៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៃការជ្រៀតខ្លួនចូលមកប្រឡូក នៅក្នុងវិស័យអចលនទ្រព្យ អតីតពលករទាំង៣រូប បានសម្រេចនូវសមិទ្ធផលរបស់ខ្លួន គួរឱ្យជាទីមោទនៈ។
ជាក់ស្ដែង ក្រៅពីការវិនិយោគ ទៅលើគម្រោងអភវឌ្ឍបុរីលំនៅដ្ឋានបែបទំនើប សុកគា ស៉ីធី ដែលមានទីតាំងស្ថិតនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នាពេលនេះ ពួកគេក៏ទទួលបានភាពជោគជ័យ រួចជាស្រេចទៅលើគម្រោងដីឡូតិ៍ ចំនួន៤ ហើយក៏កំពុងបន្តបង្កើតគម្រោងថ្មីៗ មួយចំនួនទៀតផងដែរ៕