(ភ្នំពេញ)៖ សាលាអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា បានប្រគល់សញ្ញាបត្រកម្រិតមតេយ្យអន្តរជាតិ ដល់កុមារអាយុក្រោម៦ឆ្នាំ ជាង២០០នាក់ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួន ដែលកម្មវិធីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់សិស្សដែលបានបញ្ចប់នូវវគ្គសិក្សាដំបូងរបស់ខ្លួន។
ពិធី «ប្រគល់សញ្ញាបត្រកម្រិតមតេយ្យអន្តរជាតិ» របស់សាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានធ្វើឡើងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដោមានការចូលរួមពី លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ សេង បូណា ជាអគ្គនាយកសាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា រួមនឹងគណៈដឹកនាំសាលាយ៉ាងច្រើន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
លោកស្រី គឹម សេដ្ឋានី បានថ្លែងថា សម្រាប់ដំណើរការកសាងប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមាបប្រាក់ចំណូលកម្រិតមធ្យមមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រែក្លាយទៅជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០ ដូច្នេះ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់យកការអភិវឌ្ឍធនធានមនុស្ស គឺជាមុំទីមួយ។
លោកស្រី បានបន្តថា ការចែកសញ្ញាបត្រកម្រិតមតេយ្យសិក្សា ឬហៅថាបណ្ឌិតស្រមោលនោះ ដល់កុមារតូចៗនៅសាលាអន្តរជាតិ ទ្រូវីហ្សិននៅថ្ងៃនេះ គឺជាការចាប់ផ្តើមឱ្យកុមារតូចទាំងអស់ មានក្តីសុបិន្តរបស់ខ្លួននៅថ្ងៃអនាគត ដើម្បីឱ្យឪពុក ម្តាយទាំងអស់នាំគ្នាស្វែងយល់ ពីក្តីសុបិន្តរបស់កូន ព្រមទាំងជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីកូនៗរបស់ពួកគាត់សម្រេចក្តីបំណងផងដែរ។ ដូច្នេះ សម្រាប់សទវត្សរ៍ទី២១នេះ ការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារនៅក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។
លោកស្រី គឹម សេដ្ឋានី បានបន្ថែមទៀតថា ដូច្នេះអ្វីដែលចាំបាច់បំផុតនោះ គឺរដ្ឋាភិបាលបានរៀបចំការវិនិយោគទៅលើកុមារតូចៗ នាពេលបច្ចុប្បន្ននេះ ឱ្យមានគុណភាពរឹងមាំចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា ទាំងនេះហើយកុមារតូចៗ ដែលកំពុងតែសិក្សា នៅកម្រិតថ្នាក់ មតេយ្យសិក្សាទាំងអស់ គឺជាមុខសញ្ញាដ៏ចាំបាច់បំផុត សម្រាប់បណ្តុះបណ្តាលឱ្យប្រែក្លាយ ទៅទំពាំងស្នងឫស្សីដ៏រឹងមាំ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនផងដែរ។
បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ការអប់រំដែលសំខាន់បំផុត គឺនៅកម្រិតមតេយ្យសិក្សានេះតែម្តង នៅក្នុងអំឡុងដែលកុមារតូចៗ ដែលមានអាយុចាប់ពីកើត រហូតដល់អាយុក្រោម៦ឆ្នាំ ពីព្រោះជាដំណាក់កាលមួយដែលខួរក្បាល និងសរីរាង្គរបស់កុមារលូតលាស់ យ៉ាងលឿនបំផុត។ ប្រសិនបើកុមារអាក់ខានមិនបានទទួលការអប់រំ បណ្តុះបណ្តាល ព្រមទាំងការគាំពារផ្សេងៗ នៅក្នុងវ័យក្រោម៦ឆ្នាំនោះទេ មានន័យថា ការបន្តការសិក្សារបស់ពួកគេនៅថ្នាក់បឋម រហូតដល់ឧត្តមសិក្សា នឹងមានកម្រិតទៅតាមនោះដែរ។
លោកគ្រូ សេង បូណា បានលើកឡើងថា ការអប់រំកុមារ គឺជារឿងមួយដែលសំខាន់ និងហ្មត់ចត់បំផុត សម្រាប់អ្នកអប់រំទាំងអស់ លើសាកលលោក ព្រោះថា កុមារជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ដឹកនាំ និងបន្ដការស្ថាបនាជាតិ។ លោកបានបន្ដទៀតថា ហេតុដូច្នេះ ហើយបានជាសាលាអន្ដរជាតិ ទ្រូវីហ្សិនកម្ពុជា រៀបចំបណ្ដុះបណ្ដាលគ្រូដែលមានជំនាញពិតក្នុងការអប់រំកុមារតូច សម្រាប់ថ្នាក់មត្ដេយ្យអន្ដរជាតិ និងថ្នាក់បឋមសិក្សាអន្ដរជាតិ។
សម្រាប់កុមារ តូចទាំងអស់សុទ្ធតែមានភាពវ័យឆ្លាត និងទេពកោសល្យតាំងពីកំណើត ដូច្នេះក្នុងនាមជាអ្នកជំនាញផ្នែកអប់រំ កុមារតូចពួកយើង ត្រូវតែយកចិត្ដទុកដាក់ខ្ពស់ទៅលើចំណុចពិសេសទាំងនេះរបស់កុមារនីមួយៗ។ ចំណុចនេះហើយ ដែលអាចធ្វើឱ្យយើងរកឃើញនូវអ្នកប្រាជ្ញវ័យក្មេងបាន៕