(បាត់ដំបង)៖ សមាជិកគណ:កម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារបក្សចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង បានដឹកនាំក្រុមការងារ ចុះប្រគល់ស្ពានដែក១កន្លែង ជូនប្រជាពលរដ្ឋប្រើប្រាស់ និងជូនរទេះ៤គ្រឿង ដល់ជនពិកានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនរូបនេះ បានថ្លែងថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបទៅនឹងសំណូមពរពលរដ្ឋមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ បានចុះប្រគល់ស្ពានដែកមួយកន្លែងដែលមានទំហំ៣ម៉ែត្រ គុណនឹង ១៣ម៉ែត្រ ក្នុងតម្លៃ៤,៥០០ដុល្លារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិសំណាញ់ឃុំភ្នំសំ
ពៅសម្រាប់ប្រើប្រាស់ធ្វើដំណើរ និងដឹកកសិផលឆ្លងកាត់ប្រចាំថ្ងៃ ខណៈដែលពីមុនមកពលរដ្ឋ ជួបការលំបាកក្នុងការធ្វើដំណើរនៅចំណុចនេះ។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា បន្ទាប់ពីប្រគល់ស្ពានហើយ ក្រុមការងារបានមើលឃើញថា ផ្លូវនេះជួបការលំបាក លោកបានជួយកសាងបន្ថែមទៀត ដោយជួយក្រាលគ្រួសក្រហម ពីគល់ស្ពានទៅទល់ផ្លូវ១ទៀត ប្រវែង១គីឡូម៉ែត្រផងដែរ។
ប្រជាពលរដ្ឋឮសូរដូច្នេះ មានចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណដល់លោកប្រធានក្រុម ការងារតែងតែជួយកសាងសមិទ្ធិផលផ្សេងៗ ជូនពលរដ្ឋរហូតមក ហើយពួកគាត់បាននិយាយថា មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលដឹងសុខទុក្ចពលរដ្ឋគ្រប់កាលៈទេសៈមិនដែលអាក់ខានឡើយ និងប្តេជ្ញាចិត្តថា ពួកគាត់គាំទ្របោះ ឆ្នោតជូនគណបក្សប្រជាជនពិសេស សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិតទៅទៀត និងចូលរួមថែរក្សាសន្តិភាពឲ្យខាតតែបាន។
បន្ទាប់មក ក្រុមការងារបន្តដំណើរយករទេះចំនួន៤គ្រឿង ទៅចែកជូនជនពិកាដល់ផ្ទះតែម្តង ដើម្បីឲ្យពួកគាត់ជាជនពិកាងាយស្រួលក្នុងការធ្វើដោយខ្លួនបាន ចំពោះជនពិកាម្នាក់ ដែលជួបការលំបាកខ្លាំងជាងគេ ក្រុមការងារបានរៃអង្គាសគ្នាភ្លាមៗ បានថវិកា៤៧ម៉ឺនរៀល ជូនទៅក្រុមគ្រួសារទុកសម្រាប់ដោះស្រាយជីវភាពផងដែរ។
សូមបញ្ជាក់ថា នេះជារទេះជនពិកាទី៣៦នាក់ហើយ ដែលក្រុមការងារយើងបានយកទៅចែកជូនជនពិការឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង៕