(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះ ដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ តាមការអំពាវនាវរបស់សម្តេច។
សម្តេចតេជោបញ្ជាក់ថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនមានចំនួនជាង២លានដុល្លារអាមេរិក ដែលកំពុងរៀបចំចាត់ចែងផ្តល់ ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព ដើម្បីអាចមានលទ្ធភាពកសាងជីវភាពរស់ នៅបានល្អប្រសើរ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តទាំង ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋដែលរងគ្រោះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណជាថ្មីម្តងទៀត ដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ មិថុនា ២០១៩»។
តាមការអំពាវនាវរបស់ខ្ញុំកន្លងមក គឺយើងបានទទួលមូលនិធិជាងពីរលានដុល្លារ ហើយកំពុងរៀបចំចាត់ចែងផ្តល់ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព។ ការបរិច្ចាគទានរបស់បងប្អូន នឹងជួយជីវិតអ្នកដែលនៅរស់ រួមទាំងក្រុមគ្រួសាររបស់សព អាចមានលទ្ធភាពកសាងជីវភាពរស់នៅបានល្អប្រសើរ។
អរគុណដល់បងប្អូនជនរួមជាតិទាំងអស់ រួមទាំងអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋយើង នៅក្នុងស្ថានភាពដ៏លំបាកនេះ។ សូមជូនពរបងប្អូន ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា»។
សូមជម្រាបថា ឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ របស់ជនជាតិចិន ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានសង្កត់មនុស្សស្លាប់ចំនួន២៨នាក់ និង២៦នាក់រងរបួស៕