(ស្វាយរៀង)៖ កម្លាំងអធិការនគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍ការពារព្រំដែនថ្នាធ្នង់ និងមន្ត្រីជំនាញពេទ្យសត្វ បានបង្ក្រាបករណីជួញដូរសត្វជ្រូក ឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាម ឃាត់ខ្លួនមនុស្សបានចំនួន ៣នាក់ និងម៉ូតូ៣គ្រឿង នៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយវៀង នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ទោះបីមន្ត្រីជំនាញ បានចុះបង្ក្រាបនិងទប់ស្កាត់ ការនាំចូលសាច់និងជ្រូករស់ជារៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយ នៅតែមានឈ្មួញខិលខូច ឆ្លៀតឱកាសលួចនាំចូលតាមច្រករបៀងនានា ក្នុងខេត្តស្វាយរៀង។ ជាក់ស្តែងកាលពីយប់មិញនេះ ឈ្មួញបាននាំចូលសត្វជ្រូកចំនួន៥ក្បាល រួមនិងម៉ូតូ៣គ្រឿង ដែលមានម្ចាស់ឈ្មោះ ឃួន សាត ហើយកម្លាំងជំនាញបានចាប់ឃាត់ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់ថា ទាក់ទិននឹងករណីលួចនាំជ្រូកចូលនេះ លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានមន្ត្រី ដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឲ្យទប់ស្កាត់ឲ្យខាងតែបាន ហើយបើក្នុងការបង្ក្រាប ការនាំចូលសត្វជ្រូករស់ ក៏ដូចជាសាច់ជ្រូក ឃើញថា ច្រកណាមួយហ៊ានអនុញ្ញាតឲ្យសត្វជ្រូកចូល ត្រូវតែសម្រេចចិត្តដកចោល (វះកាត់) ព្រោះនេះគឺជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ក្រសួងកសិកម្ម កាលពីពេលកន្លងទៅ ក៏បានចេញបំរាម ហាមនាំចូលជ្រូកពីវៀតណាម ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំរុញឲ្យមានការចិញ្ចឹមនៅក្នុងស្រុកផងដែរ៕