(កំពង់ចាម)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យមន្ទីរស្ថាប័នពាក់ព័ន្ធគាំទ្រដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្មី ឲ្យដូចលោក គួច ចំរើន អតីតអភិបាលខេត្តនេះ ដើម្បីឈានទៅសម្រេចគោលដៅ ធ្វើឲ្យខេត្តកំពង់ចាម កាន់តែមានការរីកចំរើនជាបន្តទៀត។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម ដោយផ្លាស់លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុវិញ។ ពិធីនេះ បានរៀបចំធ្វើឡើងនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ខេត្តព្រះសីហនុគឺជាខេត្ត ដែលកំពុងធ្វើការអភិវឌ្ឍ និងមានអ្នកមកវិនិយោគច្រើន ដូច្នេះបញ្ហាប្រឈមក៏មានច្រើន ទន្ទឹមនឹងនោះខេត្តមួយនេះ ក៏ត្រូវការថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ច្រើន លើការងារនៅមូលដ្ឋាន ទើបអាចទទួលភារកិច្ចទាំងនោះបាន។
សម្ដេចក្រឡាហោម បន្ដថា ហេតុដូច្នេះហើយ ក្រោយពីការពិចារណារបស់រាជរដ្ឋាភិបាល ក៏បានសម្រេចផ្លាស់លោក គួច ចំរើន ពីខេត្តកំពង់ចាម ឲ្យទៅទទួលតំណែងជាអភិបាលខេត្តព្រះសីហនុវិញ បន្ទាប់ពីលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បានលាឈប់ពីតំណែង ក្រោយពីមានគ្រោះថ្នាក់បាក់អគារនាពេលកន្លងទៅថ្មីៗនេះ។ ហើយខេត្តកំពង់ចាមជំនួសដោយ លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារវិញ។
សម្ដេចក្រឡាហោម ក្រោយពីបានស្ដាប់របាយការណ៍របស់លោក គួច ចំរើន ក៏ឃើញថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្មី ក៏បានធ្វើការប្ដេជ្ញាចិត្ត នឹងបន្តការងារពីលោក គួច ចំរើន ដើម្បីធ្វើឲ្យខេត្តកំពង់ចាម កាន់តែទទួលបានសមិទ្ធផលល្អ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានសំដែងការគាំទ្រ ទៅលើថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលបានធ្វើសេចក្តីសម្រេចចិត្ត អនុវត្តលើការងារទិសដៅរបស់ខេត្ត និងទិសដៅរបស់ក្រសួងមហាផ្ទៃ ពោលគឺទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវឲ្យមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម សូមធ្វើការបន្តគាំទ្រអភិបាលខេត្តថ្មី លោក អ៊ុន ចាន់ដា ឲ្យដូចលោក គួច ចំរើន ដើម្បីសម្រេចគោលដៅ ការងាររបស់យើងទាំងអស់គ្នា គឺដើម្បីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ប្រទេសកម្ពុជារបស់យើង ឲ្យកាន់តែរីកចម្រើនបន្តទៀត៕