(បន្ទាយមានជ័យ)៖ សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-០៦-១៩៥/២៨-០៦-២០១៩) នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ លោក គោ ស៊ុសារឿត សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ជាតំណាងលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ និងមានវត្តមានអញ្ជើញចូលរួមពីលោក អន ស៊ុ សមាជិកព្រឹទ្ធសភា, លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បន្ទាយមានជ័យ និងសមាជិកសមាជិកាជាង ១០០០។
លោក គោ ស៊ុសារឿត បានថ្លៃងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគណបក្សតែមួយគត់ ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់ឲ្យរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទី ៧ មករា ១៩៧៩។
គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រី ដឹកនាំបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរយៈពេលជាយូរមកហើយ ហើយនឹងនៅបន្តនៅជាប់ជាមួយប្រជាជនយូរអង្វែងទៅមុខទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក គោ ស៊ុសារឿត បានបន្តថា គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់ នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឱ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន៕