(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ ពិធីសំណេះសំណាល ជាមួយសិស្សពូកែ ថ្នាក់ជាតិ អន្តរជាតិ និងជ័យលាភីកីឡាសិស្សថ្នាក់ជាតិផ្នែកបឋម និងមធ្យមសិក្សា ឆ្នាំ២០១៨-២០១៩ ក្រោមអធិបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះលោក អ៊ុ រាត្រី បានថ្លែងថា ក្នុងការទទួលបាននូវជ័យលាភី ក៏ដូចមេដាយ ដែលជាកិត្តយសសម្រាប់សាលា សម្រាប់ខេត្តបន្ទាយមានជ័យ ពិសេសកិត្តយសដ៏ធំធេងសម្រាប់គ្រួសារ ដែលបានខិតខំចិញ្ចិមបីបាច់ថែរក្សាប្រកបដោយព្រហ្មវិហារធម៌ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ។
ជាមួយគ្នានេះ លោកក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។
លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចតែងតែលើកឡើងពីសារៈសំខាន់ការអភិវឌ្ឍ ធនធានមនុស្ស ហើយវិស័យអប់រំ ជាវិស័យអទិភាព ដែលស្ថិតត្រង់មុំទី៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានរំលេចពាក្យថា «ការពង្រឹងគុណភាពអប់រំ»’ ដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាព គុណធម៌ ពោលគឺជាមនុស្សពោរពេញទៅដោយចំណេះដឹង សមត្ថភាព មានជំនាញច្បាស់លាស់ មានសីលធម៌ល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
របាយការណ៍លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨-២០១៩នេះ លទ្ធផលប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ យុវសិស្ស រិម ស្រីនិច ភេទស្រី ចំណាត់ថ្នាក់លេខ៤ ផ្នែកអក្សសិល្ប៍ ថ្នាក់ទី១២ វិទ្យាល័យមង្គលបូរី។
ផ្នែកអន្តរជាតិ អ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបី លើកទី៨ យុវសិស្ស ចូវ យូអ៊ី រៀនថ្នាក់ទី១០ វិទ្យាល័យមង្គលបូរី ទទួលបានមេដាយសំរិទ្ធ ០២គ្រឿង .គណិតវិទ្យាអូឡាំព្យាអាស៊ីប៉ាស៊ីហ្វិក លើកទី៣១ យុវសិស្ស គៀត ម៉េងពុទ្ធិសុពណ៌ ភេទស្រី រៀននៅវិទ្យាល័យសម្តេចឪ និងយុវសិស្ស យ៉ាត ស៊ីមិញ ភេទប្រុស មកពីវិទ្យាល័យមង្គលបូរី ទទួលបានជ័យលាភី ពានកិត្តយសម្នាក់១គ្រឿង។
ដោយឡែក លទ្ធផលការប្រកួតកីឡាសិស្សថ្នាក់ជាតិ ផ្នែកបឋមសិក្សា សិស្សបានទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ លើវិញ្ញាសារបាល់ទាត់(កុមារា កុមារី) ជាសិស្សនៅក្រុងប៉ោយប៉ែត និងស្រុកថ្មពួក .សិស្សមធ្យមសិក្សាទទួលបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរិទ្ធ៣គ្រឿង លើវិញ្ញាសារតៃខ្វាន់ដូ ជាសិស្សមកពីក្រុងប៉ោយប៉ែត ។
ក្នុងនោះដែរ លោកអភិបាលខេត្ត បានផ្តល់អំណោយឧបត្ថម្ភដល់សិស្សពូកែ ថ្នាក់ជាតិ អន្តរជាតិ និងជ័យលាភីកីឡាសិស្សថ្នាក់ជាតិផ្នែកបឋម និងមធ្យមសិក្សា រួមមាន៖
*ទី១៖ បាល់ទាត់ ១៨នាក់ ក្នុង១នាក់ៗថវិកា ៣០ម៉ឺនរៀល
*ទី២៖ តៃខ្វាន់ដូ មេដាយមាស ១នាក់ ថវិកា ១លាន ២សែនរៀល, មេដាយប្រាក់ ១នាក់ ថវិកា ១លានរៀល និងមេដាយសំរិទ្ធ ៣នាក់ ថវិកាក្នុង១នាក់ៗ ៨០មឺនរៀល
*ទី៣៖ សិស្ស រិម ស្រីនិច្ច ថវិកា ១លានរៀល
*ទី៤៖ សិស្ស គៀត ម៉េងពុទ្ធពណ៌ ថវិកា ១លានរៀល
*ទី៥៖ សិស្ស យ៉ាត ស៊ីមិញ ថវិកា ១លានរៀល
*ទី៦៖ សិស្ស ចូវ យូអ៊ី ថវិកា ១លានរៀល
*ទី៧៖ គ្រូបង្វឹក ៦នាក់ ក្នុង១នាក់ៗថវិកា ៣០មឺនរៀល៕