(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា វត្តមាន និងការចូលរួមផ្ដល់សេវាកម្មព្យាបាលសម្រាប់ប្រជាជនខេត្តកំពង់ស្ពឺ របស់មន្ទីរពេទ្យ ក្វាងជូ ជាការចូលរួមចំណែក ការអភិវឌ្ឍលើវិស័យសុខាភិបាល និងសកម្មភាពកាត់បន្ថយបានភាពក្រីក្រយ៉ាងខ្លាំង។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងឱកាសខួបលើកទី ៥ឆ្នាំ នៃមន្ទីរពេទ្យ ក្វាងជូ បន្ទាប់ពីមានវត្តមានឋិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

លោកអភិបាលខេត្ត ក៏បានបន្តឲ្យដឹងផងដែរថា មន្ទីរពេទ្យ ក្វាងជូ ត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភ របស់អង្គការ HOPE THREE និងជំនួយសប្បុរសធម៌របស់ជនជាតិកូរ៉េខាងត្បូង បន្ទាប់មន្ទីរពេទ្យនេះបានចាប់ដំណើរការក្នុងស្រុកភ្នំស្រួចតាំងពីឆ្នាំ២០១៤ បានទទួលព្យាបាលប្រជាជនលើការព្យាបាល ត្រចៀក បំពង់ក ច្រមុះ មានអ្នកមកទទួលសេវាមកពីគ្រប់ទិសទី សរុបជាង ២ម៉ឺននាក់។ ក្នុងនោះមន្ទីរពេទ្យបានបញ្ជូនអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ទៅព្យាបាលវះកាត់ភ្នែក និងវះកាត់បេះដូង នៅប្រទេសកូរ៉េដោយឥតគិតថ្លៃបានជាច្រើនករណី និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

លោក វ៉ី សំណាង ក៏បានថ្លៃកោតសរសើរនូវសកម្មភាពមនុស្សធម៌របស់ជនជាតិកូរ៉េខាងត្បូង ក៏ដូចជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ ក្វាងជូ លោកវេជ្ជបណ្ឌិត ដែលមានឆន្ទៈជួយដល់ប្រជាជនកម្ពុជាពិតប្រាកដ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការជួយផ្ដល់សេវាកម្មក្នុងការព្យាបាលភ្នែក បំពង់កក៏ដូចជាជម្ងឺមួយចំនួនទៀត ដោយឥតគិតថ្លៃជូនប្រជាជនទូទាំងខេត្ត មិនត្រឹមតែជួយសម្រួល ដល់ប្រជាជននៅក្នុងខេត្តកំពង់ស្ពឺ ក្នុងការថែទាំសុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះបានចូលរួមចំណែក ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រយ៉ាងល្អប្រសើ។

ជាមួយគ្នានោះដែរ លោក វ៉ី សំណាង ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ ឲ្យបង្កើនសេវាកម្មព្យាបាលឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់ពិសេស ការព្យាបាលលើប្រភេទជំងឺផ្សេងៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាជនទូទាំងខេត្តកំពង់ស្ពឺក៏ដូចជា ប្រជាជនមកពីកន្លែងផ្សេងៗទៀតផងដែរ។

ឆ្លើយតបទៅនឹងប្រសាសន៍លោក វ៉ី សំណាង លោកវេជ្ជបណ្ឌិត ស សងស (Soe Song Soe) បានសំដែងនូវការតាំងចិត្តខ្ពស់ដោយលោកបានលើកឡើងថា មន្ទីរពេទ្យក្វាងជូ នឹងនៅតែបន្តជួយដល់ប្រជាជនកម្ពុជាពិសេសពាក់ព័ន្ធទៅនឹងការពង្រឹងសេវាព្យាបាលក៏ដូចជា ប្រសិទ្ធភាពលោកវេជ្ជបណ្ឌិត ក៏បានប្ដេជ្ញាធ្វើយ៉ាងណាប្រឹងប្រែងព្យាបាលប្រជាជនកម្ពុជា ឲ្យអស់ពីសមត្ថភាពក្នុងករណីជម្ងឺមានសភាពធ្ងន់ធ្ងរចាំបាច់ លោកត្រូវតែបន្តបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសកូរ៉េធ្វើយ៉ាងណាឆ្លើយតបតម្រូវការ ប្រជាជនកម្ពុជាក៏ដូចជាការចូលរួមរឹតចំណងសាមគ្គីភាពរវាងប្រជាជាតិកូរ៉េ និងប្រជាជនកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារតែមានការរីកចម្រើននៃបច្ចេកវិទ្យាជាពិសេសការប្រើប្រាស់កុំព្យូទ័រ ទូរសព្ទ័ដៃច្រើនហួសប្រមាណ និងកង្វះខាត់ចំណេះនៅក្នុងការថែទាំភ្នែក បានធ្វើឲ្យជំងឺភ្នែក(ចក្ខុរោគ) ក្លាយជាជំងឺចម្បងមួយក្នុងចំណោមជំងឺសំខាន់ៗ ដែលប្រជាជនកម្ពុជាកំពុងមានការព្រួយបារម្ភ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតបានបញ្ជាក់អំពីផែនការទៅថ្ងៃអនាគតថា ប្រសិនបើប្រជាជនកម្ពុជានៅតែមានតម្រូវការព្យាបាលភ្នែក បំពង់ក ច្រមុះ ជាដើម មន្ទីរពេទ្យ ក្វាងជូ និងបង្កើនពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដារខេត្តនានានៅទូទាំងប្រទេសផងដែរ៕

,