(ព្រៃវែង)៖ លោក ហ៊ូ សាគុណ អនុប្រធានក្រុមការងារគណបក្សស្រុកស្វាយអន្ទរ និងជាប្រធានក្រុមការងារគណបក្សឃុំអង្គរទ្រេត តំណាងលោក នេត សាវឿន ប្រធានក្រុមការងារគណបក្សស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនោះ ក៏មានការចូលរួមពី ក្រុមការងារស្រុក ក្រុមការងារឃុំអង្គរទ្រេត, គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ យុវជន យុវនារី តាអាចារ្យ ប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន សរុបចំនួន៣៨៥អង្គ/នាក់ (ស្រី២៣៥នាក់)។
បន្ទាប់ពីការអាននូវសុន្ទរកថា ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្ស ដោយលោក ប៉ិច សុង និងមានចំណាប់អារម្មណ៏របស់អង្គពិធីរួចមក លោក ហ៊ូ សាគុណ បានថ្លែងសំណេះសំណាល និងបាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងលោក នេត សាវឿន ជូនចំពោះសមាជិក សមាជិកា នៃអង្គមិទ្ទីងទាំងមូល។
បន្ថែមពីនេះ លោក ហ៊ូ សាគុណ គ៏បានដាក់ចេញនូវទិសដៅ និងសំណូមពរ រួមមាន ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, បម្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ (បង្កភាពស្និទ្ធស្នាល ក្រមសីលធម៌ និងអាកប្បកិរិយាល្អ) និងពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ បន្ទាប់មកអង្គពិធីទាំងមូលបានចូលរួមបង្ហោះប៉េងប៉ោងផងដែរ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានប្រគេនបច្ច័យ និងទេយ្យទាន ព្រះសង្ឃ និងបានឧបត្ថម្ភថវិកាជូនសមាជិកចូលរួម៣៨៥នាក់ផងដែរ៕