(ភ្នំពេញ)៖ IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី កាណាដា អៀរឡង់ ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ស្ថាប័ន IDP មានការិយាល័យជាង ១០០កន្លែង នៅច្រើនជាង៣២ ប្រទេសជុំវិញពិភពលោក។
អ្នកតំណាងនៃស្ថាប័នអប់រំ និងសាកលវិទ្យាល័យមកពីប្រទេសអូស្រ្តាលី នឹងធ្វើដំណើរមកកាន់ ទីក្រុងភ្នំពេញ ដើម្បីចូលរួមកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី ដែលនឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច នៅថ្ងៃទី១១ ខែកក្កដា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័ន IDP ប្រចាំកម្ពុជា និងបើកឱ្យសាធារណជនចួលរួមដោយសេរី។
កម្មវិធីពិព័រណ៍សិក្សាអប់រំរបស់ រៀបចំឡើងដោយស្ថាប័នIDP ដែលជាស្ថាប័ននាំមុខគេផ្នែកការអប់រំអន្តរជាតិ និងបញ្ជូនសិស្សនិស្សិតទៅសិក្សានៅ បរទេសដែលមានដូចជា ប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់។
សិស្សានុសិស្ស និងអាណាព្យាបាលទទួលបានការអញ្ជើញជួបជាមួយអ្នកតំណាងមកពីសាលា សាកលវិទ្យាល័យ និងស្ថាប័នអប់រំល្បីៗ ពីជុំវិញប្រទេសអូស្រ្តាលី ដែលពួកគេនឹងផ្តល់នូវដំបូន្មាន និងយោបល់អំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃស្នាក់នៅ និងដំណើរការសុំទិដ្ឋាការទៅកាន់ ប្រទេសអូស្រ្តាលីដោយផ្ទាល់។ ស្ថាប័ន ដែលនឹងមានវត្តមាននៅក្នុងកម្មវិធីនេះ រួមមានចាប់ពីថ្នាក់អនុវិទ្យាល័យ និងថ្នាក់បណ្តុះបណ្តាលវគ្គខ្លី រហូតដល់ថ្នាក់បណ្ឌិតផងដែរ។
លោក ឈាង វ៉ាន់តាក់ ដែលជាប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស ប្រចាំស្ថាប័នអប់រំ IDP កម្ពុជា បានឱ្យដឹងថា «ប្រទេសអូស្រ្តាលីគឺជាទិសដៅសិក្សាដ៏ល្អមួយ ដែលផ្តល់ឱ្យសិស្ស និស្សិតនូវបទពិសោធន៍ការអប់រំដ៏រឹងមាំ ជាមួយនឹងបរិយាកាសវប្បធម៌ចម្រុះដ៏សម្បូរបែប។ សិស្ស និស្សិតក៏នឹងទទួលបានគុណភាពនៃការសិក្សា ដែលមានការទទួលស្គាល់ជាអន្តរជាតិ ទាំងក្នុង និងក្រៅថ្នាក់រៀន។ កត្តាទាំងនេះ បានធ្វើឱ្យប្រទេសអូស្រ្តាលី ក្លាយជាប្រទេសដែលល្អមួយសម្រាប់សិស្ស-និស្សិត ក្នុងការជ្រើសរើសទៅបន្តដំណើរសិក្សារបស់ពួកគេ» ។
ដោយឡែក មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ការប្រឹក្សាអំពី ការចុះឈ្មោះប្រលង ការត្រៀមប្រលង IELTS និងមានការដាក់ឱ្យសាកល្បងតេស្តIELTS តាមកុំព្យូទ័រ ដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជាបានថ្លែងថា «នេះគឺជាឱកាសដ៏កម្រមួយសម្រាប់សិស្ស និស្សិតកម្ពុជាដែលមានបំណងទៅសិក្សានៅបរទេស។ កម្មវិធីពិព័រណ៍នេះ នឹងផ្តល់ជាវេទិការការអប់រំមួយដែលប្រមូលផ្តុំទៅដោយ ធនធាន និងព័ត៌មានដែលសិស្ស និស្សិតត្រូវការសម្រាប់ធ្វើការសម្រេចចិត្តទៅបន្តការសិក្សានៅ ប្រទេស អូស្រ្តាលី»។
នៅកម្ពុជា សិស្ស-និស្សិត និងអាណាព្យាបាល អាចស្វែងរកការិយាល័យផ្តល់ ព័ត៌មានទៅសិក្សានៅបរទេស របស់ស្ថាប័ន IDP នៅគ្រប់សាខានៃមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការបណ្តុះបណ្តាល ដែលហៅកាត់ថា ACE នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ។
កម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅប្រទេសអូស្ត្រាលី ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៦ល្ងាច។ ចុះឈ្មោះចូលរួមកម្មវិធីដោយឥតគិតថ្លៃតាមរយៈ Cambodia.idp.com/siaexpo ឫ 077 667 122៕