(បាត់ដំបង)៖ លោក ឈុំ សុជាត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត និង លោក អ៊ុក គង់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសំឡូត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារប្រារព្ធខួបលើកទី៦៨ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានស្រុកសំឡូត។

ពិធីនេះ បានរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសំឡូត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិក គណបក្សប្រជាជនកម្ពុជា នៅស្រុកសំឡូត២០០នាក់។

លោក ឈុំ សុជាត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត បានឡើងអានសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិការ ដែលបានចូលរួម។

គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីបង្កើតឡើងពីនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ រហូតមកដល់ពេលបច្ចុប្បន្ន។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូសង្គ្រោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ការបង្រួបបង្រួមជាតិតាមរយៈកិច្ចព្រមព្រៀងក្រុងបារីស ព្រមទាំងបានក្លាយទៅជាបង្អែកដ៏រឹងមាំក្នុងការទប់ស្កាត់ការពារសន្តិភាព និងការអភិវឌ្ឍ ដោយទប់ស្កាត់បដិវត្តពណ៌ និងរបបខ្មែរក្រហម មិនឱ្យវិលត្រឡប់មកកម្ពុជាជាថ្មីផងដែរ៕