(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងប្រធានគណៈកម្មាធិការគណបក្សខេត្ត បានលើកឡើងថា ឆ្លងកាត់រយៈពេល៤ទសវត្សរ៍ នៃដំណើរការតស៊ូសង្រ្គោះអាយុជីវិតប្រទេសជាតិ ការស្តារកសាង ការការពារ មាតុភូមិចាប់ពីជ័យជម្នះ ៧ មករា មក កម្ពុជាដកស្រង់បាននូវមេរៀន ដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រទេសជាតិកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលោករួមជាមួយលោក កើត សុធា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨-មិថុនា-២០១៩) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ដឹកនាំ ក្រុមការងារបក្សទូទាំងខេត្តសរុប ៥៥៤នាក់។
លោកបានថ្លែងថា រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។ ដើមី្បថែរក្សាការពាររាល់សមទ្ធិផល នៃសង្គមជាតិឱ្យបានគង់វង្ស និងដណ្តើមជោគជ័យធំៗ ក្នុងការកសាង អភិវឌ្ឍមាតុភូមិ និងលើកស្ទួយជីវភាពរបស់ប្រជាជន។
លោក ផាន់ ចាន់ធុល បានបន្តថា គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ក្នុងការឆ្លើយតបទៅឆន្ទៈម្ចាស់ឆ្នោត។
ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានអាននូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុង ពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយ ជាគណបក្សប្រជាជនបដិវត្តខ្មែរ បង្កើតឡើងដើមី្បផលប្រយោជន៍របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា រំដោះជាតិឱ្យរួចផុតពីពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្ស ឱ្យកាន់តែរឹងមាំលើគ្រប់វិស័យសំដៅលើកកម្ពស់ សមត្ថភាពដឹកនាំរបស់បក្ស ឱ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងសូមជនរួមជាតិទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាមគ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន៕