(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា រាល់ការសំណង់នៅក្នុងខេត្តព្រះសីហនុ ត្រូវតែមានច្បាប់ មានគុណភាព និងសុវត្ថិភាព ដើម្បីបញ្ចៀសបាននូវឧបទ្ទវហេតុផ្សេងៗ។
សំណង់នៅក្នុងខេត្តព្រះសីហនុត្រូវបានគេមើលឃើញថា កំពុងមានកំណើនយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សំណង់ទាំងនោះភាគច្រើនបំផុតជាការវិនិយោគរបស់វិនិយោគិនចិន។ លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងសំណង់នៅក្នុងខេត្តព្រះសីហនុ ដែលមានកម្ពស់ពី ៥ជាន់ ដល់ ៤០ជាន់នាពេលបច្ចុប្បន្ននេះ មានប្រមាណ ១៩៤គម្រោង។
កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ អគារកម្ពស់៧ជាន់មួយដែលសាងសង់ជិតរួចរាល់ទៅហើយ បានដួលរលំសង្កត់កម្មករបណ្តាលឱ្យស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ ការរលំអគារនេះ ត្រូវបានគេអះអាងថា ការសាងសង់គ្មានគុណភាព និងគ្មានច្បាប់ថែមទៀតផង។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ពីលោក យន្ត មីន មកលោក គួច ចំរើន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បញ្ហាសំណង់នៅក្នុងខេត្តព្រះសីហនុ ត្រូវបានសម្តេចចាប់អារម្មណ៍ និងព្រួយបារម្ភខ្លាចមានបញ្ហាតាំងពីពេលមានកំណើនវិនិយោគដំណាក់កាលដំបូងមកម្ល៉េះ។
បញ្ហាបាក់រលំអគារនៅក្នុងខេត្តព្រះសីហនុ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា មានការប៉ះពាល់ខ្លាំងណាស់សម្រាប់ការវិនិយោគ និងវិស័យទេសចរណ៍ផងដែរ។ សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អគារគ្មានគុណភាពមិនមាននរណាចង់មកស្នាក់នៅនោះឡើយ។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុពាក់ព័ន្ធនឹងសំណង់ ក៏ដូចជាផ្តល់ទំនុកចិត្តឡើងវិញ សម្តេចក្រឡាហោម ស ខេង បានក្រើនដាស់តឿនលោក គួច ចំរើន និងមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ត្រូវពិនិត្យពិច័យឱ្យបានល្អិតល្អន់គ្រប់សំណង់ទាំងអស់។ សម្តេចក្រឡាហោម បានរំលឹកថា រាល់សំណង់ទាំងអស់ត្រូវតែមានច្បាប់ ត្រូវតែមានគុណភាព និងសុវត្ថិភាព។
នៅក្នុងពិធីចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុនាព្រឹកនេះ លោក គួច ចំរើន ក៏បានប្រកាសប្តេជ្ញាចិត្តពង្រឹងគុណភាពសំណង់នៅក្នុងខេត្តព្រះសីហនុនេះឱ្យកាន់តែប្រសើរផងដែរ។
សូមបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពសំណង់នៅក្នុងខេត្តព្រះសីហនុក្រោយហេតុការណ៍បាក់រលំអគារនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការពិសេសមួយមានសមាសភាពចម្រុះមកពីតាមក្រសួងស្ថាប័នពាក់ព័ន្ធចុះពិនិត្យគ្រប់សំណង់នៅក្នុងខេត្តព្រះសីហនុនេះ៕