(កំពង់ធំ)៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួចំនួន ៣៣អដ្ឋិធាតុបន្ថែមទៀត ដែលបានស្រាវជ្រាវជីករុករកយកបាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវប្រាំងឆ្នាំ២០១៨-២០១៩ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសកំណើតវិញនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ៣៣អដ្ឋិធាតុនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាពលោក សុក ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញ ខេត្តកំពង់ធំ និងមានការចូលរួមពីយោធិន ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនអ្នកផងដែរ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់រថា ចាប់តាំងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៩នេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានសហការជាមួយក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម k70 និង K72 បានជីករុករកយកបាន និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុចំនួន១,១០៧អដ្ឋិធាតុ រួចមកហើយ។
ជាមួយគ្នានេះដែរ លោក សុក ហៃ ក៏បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់អាយុជីវិតក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែង ជួយរុករកបន្ថែមទៀត ដើម្បីជាការតបស្នងសងគុណដល់កងទ័ព និងប្រជាជនវៀតណាម ដែលបានលះបង់នូវសាច់ស្រស់ឈាមស្រស់ ជួយរំដោះប្រទេសជាតិកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
លោកអភិបាលរង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយបង្ហាញនៅកន្លែងទីតាំងកប់សពបងប្អូនជនជាតិវៀតណាម ដែលបានស្លាប់ក្នុងសម័យផងដែរ៕