(ភ្នំពេញ)៖ ទីតាំងណេតមួយកន្លែង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា ចុះទៅធ្វើការបង្រ្កាប នាវេលាម៉ោង៧យប់ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩។
បន្ទាប់ពីស្រាវជ្រាវរកឃើញថា ទីតាំងនេះមានបង្កប់ល្បែងហ្គេមបាញ់ត្រី នៅក្នុងនោះ ហើយនៅក្នុងខណៈនោះ កម្លាំងបានរឹបអូសយកសម្ភារ នៅក្នុងទីតាំងនោះទាំងអស់ ចំណែកម្ចាស់មិនត្រូវបានចាប់ខ្លួននោះឡើយ ព្រោះអត់ស្ថិតនៅក្នុងទីតាំងនោះឡើយ។
អាជ្ញាធរ បានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងខុសច្បាប់មួយនេះ ឈ្មោះ ហ៊ុន គឹមជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ ហើយពេលកម្លាំងទៅដល់មិនបានឃើញម្ចាស់រូបនេះ ស្ថិតនៅក្នុងទីតាំងនោះឡើយ គឺនៅតែអ្នកមើលការខុសត្រូវ ម្នាក់ឈ្មោះ ព្រំ ណារាជ្យ ប៉ុណ្ណោះ។ បន្ទាប់មកកម្លាំងដកហូតបានវត្ថុតាងទាំងអស់ នៅក្នុងនោះរួមមាន កុំព្យូទ័រចំនួន២៧គ្រឿង កៅអីចំនួន២៩ និងដៃហ្គេមបាញ់ត្រីចំនួន៧គ្រឿង នាំយកទៅរក្សាទុកនៅសាលាខណ្ឌ ពោធិ៍សែនជ័យ រង់ចាំកោះហៅម្ចាស់ឲ្យចូលខ្លួនទៅសាកសួរ។
ប្រភពដដែលបានបន្តថា ទីតាំងខាងលើមានច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីបើកដំណើរការសេវាអ៊ីនធើណេតវិស័យព័ត៌មាន ប៉ុន្តែមិនបានអនុវត្តតាមការអនុញ្ញាតខាងលើទេ បែរជាដំណើរការល្បែង ហ្គេមបាញ់ត្រីទៅវិញ។ បន្ទាប់ពីមានការសង្ស័យ កម្លាំងបានធ្វើការស្រាវជ្រាវរហូតបានដឹងច្បាស់ ទើបនៅវេលាយប់ថ្ងៃទី២៨ ខែមិថុនា កម្លាំងសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌប៉ាង លីដា ចុះទៅធ្វើការបង្រ្កាបបែបនេះតែម្ដង៕