(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹក និងដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ។ ការរក្សាអត្តសញ្ញាណជាតិត្រង់នេះ គឺសម្តេចចង់ឱ្យការរៀបចំស្លាកសញ្ញាផ្សេងៗត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។
ការក្រើនរំលឹករបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ពីលោក យន្ត មីន មកលោក គួច ចំរើន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា «ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតអត្តសញ្ញាណជាតិ ដើម្បីឱ្យអ្នកទេសចរចូលមកលេងកម្សាន្ត និងវិនិយោគបានដូចគ្នា។ ខ្ញុំគាំទ្រកន្លងទៅផ្លាកសញ្ញានានាយើងបានកែសម្រួល តែសុំឱ្យបន្តទៅទៀត។ យើងដើរមើលប្រទេសណា គេដាក់អក្សរប្រទេសគេណុងហើយ អក្សរបរទេសគេដាក់ខាងក្រោម»។
សូមបញ្ជាក់ថា កន្លងមកធ្លាប់មានការប្រតិកម្មយ៉ាងច្រើនចំពោះការលើកស្លាកសញ្ញានានានៅក្នុងខេត្តព្រះសីហនុ ដែលភាគបង្ហាញអក្សរចិនពីលើ ហើយពេលខ្លះសរសេរអក្សរខ្មែរខុសឆ្គងជាច្រើនផងដែរ។ ក្រៅពីស្លាកសញ្ញានៅតាមបញ្ជីមុខម្ហូបនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានជាដើម ភាគច្រើនប្រើតែអក្សរបរទេសដោយមិនរំលេចអក្សរខ្មែរផងដែរ។
ក្រោយពីមានការប្រតិកម្មខ្លាំងពីមហាជននោះ អាជ្ញាធរបានចុះចាត់វិធានការ និងមានកែសម្រួលជាច្រើនរួចហើយ៕