(ភ្នំពេញ)៖ សំណង់អគារកំពស់ ៩ជាន់មួយកន្លែង ដែលត្រូវបានមន្រ្តីប្រាប់ថា ជាកម្មសិទ្ធិរបស់លោក អ៊ឹង ប៊ុនប៉េង ថៅកែអាហារដ្ឋាន «ឬទ្ធិជ័យ» នៅតាមបណ្ដោយមាត់ច្រាំងទន្លេ ផ្លូវទន្លេមេគង្គ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានអាជ្ញាធរ និងមន្រ្តីជំនាញចុះទៅទប់ស្កាត់ ហើយបានសម្រេចឲ្យផ្អាកសាងសង់ជាបណ្តោះអាសន្ន ក្រោយដឹងថា ម្ចាស់សំណង់ មានច្បាប់អនុញ្ញាតឲ្យសាងសង់ត្រឹម ៦ជាន់ តែម្ចាស់អគារលួចសង់រហូតដល់កំពស់៩ជាន់។
មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះថា អាជ្ញាធរសង្កាត់-ខណ្ឌ និងមន្ត្រីសំណង់ពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមិថុនា ហើយបានរកឃើញថា អគារសំណង់នេះ មានច្បាប់អនុញ្ញាតសាងសង់ត្រឹមវតែ ៦ជាន់ប៉ុណ្ណោះពីសាលារាជធានីភ្នំពេញ ប៉ុន្តែសំណង់ជាក់ស្តែងត្រូវបានសាងសង់រហូតដល់ ៩ជាន់។
មន្ត្រីដែលចុះអនុវត្តផ្ទាល់បានបញ្ជាក់ថា «បន្ទាប់ពីរកឃើញការដ្ឋានសំណង់ដ៏ធំស្កឹមស្កៃ និងមានកម្ពស់រហូតដល់ទៅ ៩ជាន់របស់លោក អ៊ឹង ប៊ុនប៉េង ថៅកែអាហារដ្ឋាន «ឬទ្ធិជ័យ» នេះ មានច្បាប់អនុញ្ញាត សាងសង់ត្រឹមតែ៦ ជាន់ ពោលពី E0 រហូតដល់ E6» ប៉ុណ្ណោះពីសាលារាជធានីភ្នំពេញ និងរំលោភចូលច្រាំងទន្លេទាំងស្រុងដែលច្បាប់កំពុងហាមឃាត់, អាជ្ញាធរខណ្ឌជ្រោយចង្វារ ក្រោមការបញ្ជាពីលោក ឃ្លាំង ហួត អភិបាលខណ្ឌ តម្រូវឲ្យម្ចាស់សំណង់ ផ្អាកការសាងសង់ជាបន្ទាន់ ដើម្បីឲ្យរៀបចំបែបបទស្នើសុំច្បាប់សាងសង់ជាថ្មីម្ដងទៀត»។
មន្រ្តីរូបនេះ បានឲ្យដឹងថា តើអាចឈានដល់ការវាយកម្ទេចចោលទាំងស្រុង ឬយ៉ាងណានោះ គឺស្ថិតលើសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ។
នៅក្នុងលិខិតរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាប្រចាំ ដល់រដ្ឋបាលខណ្ឌឲ្យយកចិត្តទុក ដាក់ទប់ស្កាត់ រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ប៉ុន្ដែទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួច ហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្ដបន្ទាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ»។
ចំណាត់ការរបស់សាលារាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងក្រោយពីហេតុការណ៍បាក់រលំអគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់២៨នាក់ និងរបួស២៦នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ៕