(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយសប្បុរសធ៌ម របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅផ្ដល់ជូន ដល់ក្រុមគ្រួសារសពអ្នកស្រី ប៊ុន សាមៀន ដែលស្លាប់ដោយសាររន្ទះបាញ់។

សូមជម្រាបថា អ្នកស្រី ប៊ុន សាមៀន បានស្លាប់ដោយគ្រោះរន្ទះបាញ់កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ខណៈអ្នកស្រី និងគ្រួសារទៅចាំចំការ។ អ្នកស្រី ប៊ុន សាមៀន មានអាយុ៤៤ឆ្នាំ មានកូន៣នាក់ និងប្ដីជាកសិកររស់នៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងហេតុការណ៍នោះកូនស្រី របស់អ្នកស្រីម្នាក់បានរងគ្រោះ ប៉ុន្តែមិនគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ។

ក្នុងឱកាសនោះលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ក្នុងនាមសម្ដេចកិត្តិកិត្តិព្រឹទ្ធបណ្ឌិត បានសម្ដែងក្ដីអាណិតអាសូរជាពន់ពេក និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដោយការសោកស្ដាយជាទីបំផុតចំពោះគ្រោះកាចនេះ។

លោកស្រីបានបញ្ជាក់ថា គ្រប់ការលំបាកដែលប្រជាពលរដ្ឋ ជួបប្រទះជាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។ ជាក់ស្ដែងពេលទទួលបានដំណឹងនេះភ្លាម ក្រុមការងារបានចុះមកជួប និងបាននាំអំណោយមួយចំនួនចែកជូនផងដែរ ទោះជាមិនច្រើននិងមិនអាចដោះស្រាយ ការខ្វះខាតបានទាំងស្រុងមែន ប៉ុន្តែបានបញ្ជាក់ឲ្យ ឃើញពីទឹកចិត្តអាណិតស្រឡាញ់ របស់ថ្នាក់ដឹកនាំពិសេសកាកបាទក្រហមកម្ពុជា ពេលណាប្រជាជនជួបការលំបាកជា
ពិសេសពេលជួបគ្រោះធម្មជាតិ។

អំណោយដែលបានប្រគល់ជូន គ្រួសារសពអ្នកស្រី ប៊ុន សាមៀន នាពេលនោះមានថវិកាជាង៨០ម៉ឺនរៀល, អង្ករ, គ្រឿងឧបភោគបរិភោគនិងសំភារៈប្រើប្រាស់សរុបចំនួន១៣មុខ៕