(ភ្នំពេញ)៖ ខណៈការលក់ផលិតផលសម្អាងការ ក៏ដូចជាផលិតផលបំប៉នសុខភាព កំពុងផ្សាយលក់ព្រោងព្រាតនៅតាមអនឡាញនោះ រាជរដ្ឋាភិបាល និងមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលិតផលមួយចំនួនដែលលក់ដោយគ្មានច្បាប់អនុញ្ញាត និងគ្មានការបញ្ជាក់គុណភាព ខណៈផលិតផលក្លែងក្លាយមួយចំនួនក៏ត្រូវបានរកឃើញ និងបំផ្លាញចោលជាច្រើនហើយដែរ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហាខាងលើនេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា (ស.ស.វិ) បានប្ដេជ្ញាចូលរួមក្នុងយុទ្ធនាការនេះយ៉ាងមោះមុត ហើយក៏មានបំណងចង់ជួយតម្រង់ទិសការប្រកបរបរអាជីវកម្មលក់គ្រឿងសម្អាង ក៏ដូចជាផលិតផលបំប៉នសុខភាពនេះជូនបណ្ដាអាជីករទាំងឡាយទៀតផង។
នេះជាការបង្ហាញឆន្ទៈរបស់លោកបណ្ឌិតសមូហក ឡី សុភាព នាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក្នុងនាមសមាគមមួយនេះ ដែលធ្វើឡើងនៅក្រោយពេលញ្ចប់កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា (ស.ស.វិ) នៅសណ្ឋាគារហាយស្កាយ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
លោក ឡី សុភាព បានលើកឡើងថា បច្ចុប្បន្នពិភពលោកបាននិងកំពុងវិវត្តមកដល់បដិវត្តឧស្សាហកម្ម ៤.០ ហើយនៅប្រទេសកម្ពុជាក៏កំពុងមានភាពផុសផុលទៅនឹងការវិវត្តនេះដែរ ក្នុងនោះលោកបានមើលឃើញអំពីបញ្ហាប្រកបអាជីវកម្ម លក់គ្រឿងសម្អាងការតាមប្រព័ន្ធអនឡាញផងដែរ ពិសេសនៅលើ Facebook មានន័យថា ការប្រកបអាជីវកម្មរបស់ពួកគេភាគច្រើន គឺមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ គ្មានការបញ្ជាក់គុណភាពពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ហើយក៏សូវមានការទុកដាក់ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវផងដែរ។
លោកបន្តថា ចំណុចនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់សុខភាពរបស់អ្នកប្រើប្រាស់ ឬអ្នកទទួលទាននានា ដែលជាហេតុបង្កនូវទុក្ខកង្វល់សម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ។
លោក ឡី សុភាព បានបញ្ជាក់ថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់បញ្ហាខាងលើនេះជាមួយរាជរដ្ឋាភិបាល ដោយជំហានដំបូងសមាគមនឹងរៀបចំឱ្យមានអ្នកជំនាញអប់រំបណ្ដុះបណ្ដាល ក៏ដូចជាផ្សព្វផ្សាយនូវនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដល់បណ្ដាអាជីវករទាំងឡាយដែលប្រកបអាជីវកម្មលក់ផលិតសម្អាងការ ក៏ដូចជាផលិតបំប៉នសុខភាពផ្សេងៗ។
លោកបានបញ្ជាក់ទៀតថា ប្រសិនបើអាជីវករទាំងនោះចូលរួមជាមួយសហគមវិនិយោគកម្ពុជា និងអនុវត្តតាមនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានខ្ជាប់ខ្ជួន សមាគមនឹងលើកទឹកចិត្ត ជួយសម្របសម្រួលបញ្ហាគ្រប់បែបយ៉ាងជូនអាជីវករទាំងនោះ ដើម្បីទទួលបាននូវការប្រកបអាជីវកម្មស្របច្បាប់ មានការធានាជឿទុកចិត្ត និងជួយបង្កើនអតិថិជនតាមរយៈកេរ្តិ៍ឈ្មោះផលិតផលរបស់ខ្លួនផងដែរ។
ប៉ុន្តែប្រសិនបើអាជីវករជារូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយមិនចូលរួមអនុវត្តតាមច្បាប់ត្រឹមត្រូវទេ ប្រាកដណាស់ពួកគេនឹងប្រឈមចំពោះមុខច្បាប់ និងត្រូវទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួន។
លោបានឱ្យដឹងថា សមាគមវិនិយោគិនកម្ពុជា ស្វាគមន៍ជានិច្ចចំពោះអាជីវករ ឬក្រុមហ៊ុន នានាដែលចង់ចូលជាសមាជិករបស់សមាគម ដែលការចូលជាសមាជិកនេះនឹងបើកឱ្យមានក្រោយលក្ខន្តិកៈនៃការចូលជាសមាជិកត្រូវបានសម្រេចជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ ហើយសមាគមនឹងជួយជ្រោមជ្រែង និងសម្រួលគ្រប់មធ្យោបាយជូនសមាជិករបស់ខ្លួន។
សូមជម្របថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ នៃក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជាខាងលើ អង្គប្រជុំបានសម្រេចដាក់ចេញបទបញ្ជាផ្ទៃក្នុង ដើម្បីឱ្យសមាជិកប្រតិបត្តិការការងាររបស់ខ្លួន ឱ្យស្របនឹងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ ក្រៅពីនោះ អង្គប្រជុំបានត្រួតពិនិត្យទៅលើលក្ខន្តិកៈ នៃការចូលរួមជាសមាជិកសមាគមថ្មីមួយនេះ ដើម្បីឈានទៅដល់ការសម្រេចជាផ្លូវការក្នុងកិច្ចប្រជុំនាពេលខាងមុខទៀត។
សម្រាប់ទិសដៅត្រីមាសទី៣ ឆ្នាំ២០១៩ លោក ឡី សុភាព បានបញ្ជាក់ឲ្យដឹងថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចាំបាច់ត្រូវអនុវត្តនូវការងារមួយចំនួនទៀត រួមមាន៖
* ពង្រឹង និងពង្រីកសមាជិកតាមផ្នែក តាមវិស័យ
* រៀបចំរចនាសម្ព័ន្ធចាត់តាំងរបស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជា
* បន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលសុវត្ថិភាពអនាម័យចំណីអាហារ
* ផ្តល់អាហាររូបករណ៍ថ្នាក់បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងអនុបណ្ឌិត
* បន្តការពារផលប្រយោជន៍របស់សមាជិកតាមវិស័យ តាមផ្លូវច្បាប់
* បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការងារ និងមុខរបរ
* បន្តផ្សព្វផ្សាយបណ្តុះបណ្តាលអំពីការថែទាំសុខភាព
* ផ្សព្វផ្សាយច្បាប់ពីការទុកដាក់ និងការប្រើប្រាស់គ្រឿងសម្អាងដល់ម្ចាស់អាជីវកម្មទាំងនេះ
* រៀបចំយន្តការអំពីភារកិច្ចចំពោះសមាជិកសមាគមសហព័ន្ធវិនិយោគិនកម្ពុជា៕