(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា ជំងឺរាកធ្ងន់ធ្ងរញឹកញាប់ពេក បណ្ដាឱ្យកុមារកង្វះចំណីអាហារ បាត់បង់សារធាតុចិញ្ចឹមផ្សេងៗ និងប្រូតេអ៊ីនក្នុងខ្លួនច្រើន ហើយពេលណាដែល ក្រពះ ពោះវៀន មិនស្រូបសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក្មេងប្រែប្រួលទៅស្គម គ្មានកម្លាំងទ្រទ្រង់ខ្លួន ប្រព័ន្ធការពារក៏ចុះខ្សោយ ហើយការចុះខ្សោយក្មេងងាយរងនឹងជំងឺផ្សេង និងគ្រោះថ្នាក់ផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងបន្ដថា ជំងឺរាកនេះនឹងធ្វើឱ្យការចងចាំ សតិបញ្ញា និងបញ្ហាផ្សេងៗ នឹងកើតឡើងទៅតាមកម្រិតដែលក្មេងខ្វះខាតចំណីអាហារ កង្វះអាហារូបត្ថម្ភ ដូច្នេះយើងត្រូវព្យាបាលការកង្វះអាហារូបត្ថម្ភជូនគាត់ ។

លោកវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា «យើងត្រូវសម្គាល់ថា រាក លាមករាវ ជុះច្រើនដង រាកក្ដៅខ្លួន/អត់ក្ដៅខ្លួន រាកច្រើនទៅធ្វើឱ្យស្រេកទឹក ស្លក់ភ្នែក ស្បែកជ្រួញ ប្រហើរផត សម្រាប់ក្មេងតូចៗ សភាពបែបនេះ ក្មេងនោះកំពុងតែកង្វះជាតិទឹកច្រើនហើយ ដូចនេះ ត្រូវប្រញាប់បញ្ជូនគាត់មកមន្ទីរពេទ្យ មកទទួលការព្យាបាលត្រឹមត្រូវ បើមិនដូច្នេះទេ វាអាចគ្រោះថ្នាក់ដល់ស្លាប់បាន បើសិនជាអត់ព្យាបាល ជាពិសេស ក្មេងក្រោមអាយុ២ឆ្នាំ»

នាយកមន្ទីរពេទ្យកុមារជាតិ ថ្លែងបន្ថែមថា កាលណារាកក្អួតយូរ កុមារនោះ នឹងអត់ញាំអីបាននោះទេ ជាពិសេស ក្មេងក្រោមអាយុ២ឆ្នាំ, ៧០%ប្រព័ន្ធប្រសាទរបស់ក្មេង កំពុងតែលូតលាស់បានល្អប្រសើរ ដូចច្នេះហើយ កាលណាក្មេង រាកញឹកញាប់ធ្ងន់ធ្ងរពេក គឺគីឡូ និងកម្ពស់ មិនស៊ីគ្នា ទៅតាមអាយុ ប្រាជ្ញាស្មារតី ក៏ចុះខ្សោយ។ ក្នុងនោះមន្ទីរពេទ្យកុមារជាតិយើង ក៏មានសេវាពិនិត្យពិគ្រោះផ្នែកអាហារូបត្ថម្ភ ដល់ក្មេងស្គម មិនគ្រប់គីឡូ មិនសូវញុំា ឬធាត់ពេក ដែលជាជំងឺទាក់ទងនឹងចំណីអាហារ ធ្វើឱ្យកូននោះ មានសុខភាពសមស្របធម្មតា ធំធាត់បានល្អ ប្រាជ្ញាឈ្លាសវៃ និងរាងកាយលូតលាស់បានល្អ ។

លោកវេជ្ជបណ្ឌិត បន្ដថា «យ៉ាងនេះហើយ ទើបនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរពេទ្យយើង បានសហការជាមួយក្រុមហ៊ុន PanTheryx បានរៀបចំសន្និសីទលើកទី១ ស្ដីពីជំងឺក្រពះ ពោះវៀន ការព្យាបាលជំងឺរាក ដោយយើងសង្កេតឃើញថា សព្វថ្ងៃ ជំងឺរាក នៅតែជំងឺមួយ ដើរតួលំដាប់លេខបី ប៉ុន្ដែចំពោះក្មេងក្នុងលំដាប់លេខពីរ បន្ទាប់ពីជំងផ្លូវដង្ហើម ដែលគួរឱ្យបារម្ដ»។

ដោយបញ្ហានេះហើយ យើងបានអញ្ជើញ ក្រុមគ្រូពេទ្យទាំងអស់នៅតាមមន្ទីរពេទ្យផ្សេងៗ និងនិស្សិត ឱ្យមកចូលរួម ដើម្បីយើងបានចែករំលែកនូវបទពិសោធន៍ ក្នុងការពិនិត្យព្យាបាលជំងឺកុមារ ឱ្យបានកាន់តែសមស្របទៅប្រភេទជំងឺ ទៅតាមជំនាញបច្ចេកទេស។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្រោមការសហការជាមួយក្រុមហ៊ុន PanTheryx បានផ្ដល់ថ្នាំ Dia ResQ ចំនួន ២ម៉ឺនកញ្ចប់នេះ សម្រាប់ព្យាបាលកុមារនៅក្នុងមន្ទីរពេទ្យកុមារជាតិ ដោយយើងនឹងផ្ដល់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃនោះទេ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែង អំពាវនាវដល់អាណាព្យាបាលកុមារទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច មានទាំងចំណីអាហារ ឱ្យកូនញុំា ត្រូវសម្អាតឱ្យស្អាតល្អ លើសពីនោះ ដៃជើងឪពុកម្ដាយត្រូវលាងសម្អាត មុនកាន់របស់របរ របស់ក្មេងលេង និងរបស់ញុំាក្មេងៗ។ជាពិសស ត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត ជានិច្ច។

សូមជម្រាបថា DiaResQ ជាផលិតផលរបស់អាមេរិក ដែលជាអាហារព្យាបាលជំងឺរាកកុមារ ។សម្រាប់ការប្រើប្រាស់ ចាក់ម្សៅមួយកញ្ចប់ ចូលទៅក្នុងទឹកពិសា ៣០ml ហើយក្រឡុករហូតដល់រលាយអស់ ពិសាភ្លាមៗទាំងអស់ «ពិសា មួយថ្ងៃមួយកញ្ចប់ប៉ុណ្ណោះ៕