(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលនៃ កម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានីភ្នំពេញ និងលោក JAMES H. LAU JR. រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរតនាគារ ហុងកុង ក្នុងនាមរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហុងកុង។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៧ ដែលកម្ពុជា បានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ។
កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគ ដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ, និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ច-សហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងការគេចវេះពន្ធ រវាងយុត្តាធិការទាំងពីរ។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅពេលដែលយុត្តាធិការទាំងពីរបានបញ្ចប់នីតិវិធីក្នុងស្រុករៀងៗខ្លួន។ កិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា សម្រេចបាន ជាពិសេសក្នុង បរិបទ នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសដៃគូមួយចំនួនទៀត ដូចជា ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េ ជប៉ុន ជាដើម៕