(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកឡើងថា សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បង្កើតឡើង ដើម្បីបំរើបងប្អូនកូនចៅចិន និងទាក់ទាញការវិនិយោគ មកអភិវឌ្ឍប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ របស់អ្នកឧកញ៉ា ពុង ឃាវសែ បានធ្វើឡើងក្នុងពិធីពិសាបាយមិត្ដភាព ជាមួយបងប្អូនតំណាងអាជីវករផ្សារ នៅរាជធានីភ្នំពេញ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងយ៉ាងដូច្នេះថា «សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ជាអង្គការសង្គមស៊ីវិលដ៏ធំមួយ មានបណ្តាញទូទាំងប្រទេស បង្កើតឡើង ដោយបងប្អូនខ្មែរចិន ដែលមានចុះបញ្ជីត្រឹមត្រូវ តាមច្បាប់នៃកម្ពុជា ដើម្បីបំរើបងប្អូនកូនចៅចិន និងទាក់ទាញវិនិយោគ មកអភិវឌ្ឍប្រទេសកម្ពុជា»។
អ្នកឧកញ៉ា បានលើកឡើងថា សមាគមសម្ព័ន្ធខ្មែរ-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ច ការងារសហគមន៍កម្ពុជាទាំងមូល ដោយជំរុញកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងចិន ជំរុញកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មថែរក្សាវប្បធម៌ ទំនៀមទំលាប់ប្រពៃណីបងប្អូនខ្មែរចិន និងអប់រំភាសាចិន ដូចជាបង្កើតជាសាលារៀនចិន ដើម្បីឲ្យកូនចៅខ្មែរចិនជំនាន់ក្រោយ បានទទួលយកចំណេះដឹង វប្បធម៌ និងភាសាចិនផ្លាស់ប្តូរជីវភាព រស់នៅឲ្យកាន់តែល្អប្រសើរ។
«ម្យ៉ាងវិញទៀត សមាគមសម្ព័ន្ធខ្មែរ-ចិន ក៏ជាស្ពានសម្រាប់ផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងកូនចៅចិន ឲ្យកាន់តែស្អិតរមួត និងឈានទៅដល់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតផងដែរ»។ នេះជាការគូសបញ្ជាក់បន្ថែម របស់អ្នកឧកញ៉ា ពុង ឃាវសែ។
អ្នកឧកញ៉ា ពុង ឃាវសែ បានបន្ដទៀតថា ដោយផ្អែកលើគោលការណ៍របស់សមាគម ដូចដែលបានជំរាបជូននេះ នាំឲ្យសមាគមសម្ព័ន្ធ មានគំនិតផ្តួចផ្តើមនូវពិធី ពិសាបាយមិត្តភាពនេះឡើង ដើម្បីឲ្យបងប្អូន អាជីវករផ្សារទាំងអស់ ស្គាល់គ្នាកាន់តែច្រើន ពង្រឹងទំនាក់ទំនង ហើយសមាគមក៏រីករាយក្នុងការផ្តល់នូវមតិយោបល់ក្នុងវិស័យផ្សេងៗ និង សម្របសម្រួលក្នុងបញ្ហាទាំងឡាយរបស់អាជីរករទាំងអស់គ្នា។
សូមជម្រាបថា នេះជាលើកទី៣ហើយ ដែលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា រៀបចំពិធីពិសាបាយមិត្ដភាព ដើម្បីជួបជុំជាមួយបងប្អូនអាជីវករផ្សារ នៅរាជធានីភ្នំពេញ៕