(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសពលោក ពុធ ជួប អតីតសមាជិកព្រឹទ្ធសភា ដែលលោកបានទទួលមរណភាពដោយជរាពាធ នាវេលាម៉ោង០៥៖៥០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨០ឆ្នាំ។
ក្នុងសាររំលែកទុក្ខនេះដែរសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់លោក ពុធ ជួប គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិដោយឥតនឿយហត់។
សម្តេចវិបុលសេនាភក្តី ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយលោក ពុធ ជួប ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ពុធ ជួប ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕