(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញភ័ស្ដុតាងចំនួន៥ ដែលបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុន អគ្គនាយកក្រុមហ៊ុន សុខ ប៊ុន គ្រុប ក្លែងបន្លំឯកសាររំលោភយកដីរដ្ឋ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ភ័ស្ដុតាងដែល ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បង្ហាញជូនសាធារណជននេះ រួមមាន៖
*ឯកសារទី១៖ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ ឈ្មោះ ម៉ា ទី លេខ០១៤ករ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៧
* ឯកសារទី២៖ កិច្ចសន្យារបស់ឈ្មោះ ម៉ា ទី ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០០២
*ឯកសារទី៣៖ កិច្ចសន្យាផ្ទេរសិទ្ធិបណ្ដោះអាសន្ន លេខ៤២ករ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២
*ឯសារទី៤៖ ពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី លេខ៦៣ករ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២
*ឯកសារទី៥៖ លិខិតបញ្ជាក់ពីស្ថានភាពដីរបស់លោក សុខ ប៊ុន នាពេលបច្ចុប្បន្នលេខ៦៩ករ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានរៀបរាប់យ៉ាងលម្អិតក្នុងចំណុចនីមួយៗ ដោយក្នុងនោះ *ឯកសារទី១៖ ឯកសារពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី របស់ ឈ្មោះ ម៉ា ទី ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ចុះហត្ថលេខាដោយឈ្មោះ ញាន រិន មេឃុំ-ចៅសង្កាត់បណ្ដោះអាសន្ន ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩៧ (អាជ្ញាធរចុះហត្ថលេខាមុនអ្នកស្នើចំនួន៤ខែ)។ បន្ថែមពីនេះ ក៏នៅមានចំណុចកែច្នៃ និងក្លែងបន្លំផ្សេងទៀតផងដែរ។
*ឯកសារទី២៖ កិច្ចសន្យាស្វ័យអះអាង ចុះថ្ងៃជាភាសាបារាំង Le04/07/2002 ហើយមេដៃមានសភាពដាស់, អត្ដសញ្ញាណបណ្ណសាធារណរដ្ឋប្រជាមានិតកម្ពុជា ឈ្មោះជាអក្សរដៃ មិនមានវាយអង្គលីលេខ និងគ្មានថ្ងៃខែកំណើត។
*ឯកសារទី៣៖ ឯកសារកិច្ចសន្យាផ្ទេរសិទ្ធិបណ្ដោះអាសន្ន របស់ម៉ា ទី ទៅសុខ ប៊ុន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២ ហត្ថលេខារបស់លោក កែវ ពៅ ប្រធានភូមិព្រែកស្វាយ និងលោក កែវ សោម ប្រធានក្រុម ជាហត្ថលេខាក្លែង។
*ឯកសារទី៤៖ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ របស់ សុខ ប៊ុន មានព្រំដីផ្ទុយពីពេលទិញរបស់ ឈ្មោះ ម៉ា ទី។ ព្រំខាងត្បូងទល់៖ លើភ្នំ ផ្ទុយឆ្នេរសមុទ្រ (បច្ចុប្បន្ន), ព្រំខាងកើត៖ ទល់ ទេព សាវ៉ែន ផ្ទុយទេព វុទ្ធី (បច្ចុប្បន្ន), ព្រំខាងលិច៖ ទល់ភ្នំ ផ្ទុយឆ្នេរសមុទ្រ (បច្ចុប្បន្ន)។
ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ របស់ សុខ ប៊ុន, លេខ៦៣ករ ជាលេខក្លែងពុំមានចុះលេខរដ្ឋបាលមិនប្រាកដទេ, ហត្ថលេខាចៅសង្កាត់អ៊ួង និត ជាហត្ថលេខាម៉ូតចាស់ មុនថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២។
*ឯកសារទី៥៖ ឯកសារលិខិតបញ្ជាក់ដី របស់លោក សុខ ប៊ុន នាពេលបច្ចុប្បន្ន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ ជាកាលបរិច្ឆេទក្លែង តាមពិតថ្ងៃពិតប្រាកដ គឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
លិខិតបញ្ជាក់ដីរបស់លោក សុខ ប៊ុន នាពេលបច្ចុប្បន្ន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ មានការកោសលុប ដូរពី១០៥ ទៅជា១០៥០ម៉ែត្រ និងមានការកោសលុប ដូរព្រំខាងត្បូង ទល់នឹងភ្នំទៅជាឆ្នេរសមុទ្រ។ លិខិតបញ្ជាក់ដីរបស់លោក សុខ ប៊ុន នាពេលបច្ចុប្បន្ន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ ហត្ថលេខារបស់ចៅសង្កាត់ អ៊ួង និត ជាហត្ថលេខាក្លែង ទៅម៉ូតចាស់ ដើម្បីបន្លំថាចុះហត្ថលេខាធាក់ថយក្រោយ ចំនួន១៤ឆ្នាំ (ថ្ងៃចុះពិតប្រាកដគឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦)។
សូមជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕