(ភ្នំពេញ)៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានទម្លាយករណីស៊ើបអង្កេតលើអតីតមេប៉េអឹមខេត្តរតនគិរីលោក គឹម រស្មី ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ព្រោះសំញ៉ែងទ្រព្យសម្បត្តិចែកសែក ៥សន្លឹក ស្មើនឹង ៥០ម៉ឺនដុល្លារដល់កូនៗចំនួន ៥នាក់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩។ 

ប្រធានអង្គភាព ACU រូបនេះបានអះអាងថា ចំពោះករណីលោក គឹម រស្មី, ACU បានបង្កើតក្រុមការងារស៊ើបអង្គេតចំនួន ៦ក្រុម និងបានស៊ើបអង្កេតលើប្រពន្ធ និងកូនរបស់លោក គឹម រស្មី ផងដែរ តែមិនរកឃើញបទល្មើសអ្វីឡើយ ក្រៅពីការសំញ៉ែងទ្រព្យសម្បត្តិ តែ ACU នៅបន្តស៊ើបអង្កេតបទល្មើសមួយទៀតលើលោក គឹម រស្មី គឺបទល្មើសព្រៃឈើ។

បើតាមលោក ឱម យ៉ិនទៀង, លោក គឹម រស្មី ធ្លាប់ជាមនុស្សក្រខ្សត់ និងមានត្រកូលជាអ្នកធ្វើកៅស៊ូ ហើយក៏បានជួបប្រពន្ធក្រោយដែលមានជីវភាពធូរធា ហើយចំពោះសែកដែលលោក គឹម រស្មី ចែកឲ្យកូនៗនោះមានលុយមិនគ្រប់នោះឡើយ។

លោក ឱម យ៉ិនទៀង បញ្ជាក់យ៉ាងដូច្នេះថា «សែកដែលលោក គឹម រស្មី ចែកឲ្យលុយ ១០ម៉ឺនដុល្លារ ៥សន្លឹកឲ្យកូន៥នាក់នោះ អត់បានទៅបើកទេ ហើយសែក២សន្លឹក ដូចជាហែកចោលទៀតផង។ សែកទាំងប៉ុន្មានយើងខ្ញុំបានរឹបអូស យកមកធ្វើជាភស្តុតាង។ កូនដែលហែកសែកចោល និយាយថា សែកនោះចង្រៃអត់លុយហើយ ឪរបស់ខ្លួនអស់បុណ្យទៀត។ យើងបានហៅគាត់មកសួរចម្លើយ មើលទ្រព្យសម្បត្តិរបស់គាត់ ទាំងផ្ទះ ទាំងឡាន និងលុយដាក់នៅធនាគារទាំងអស់»។

លោកបញ្ជាក់បន្តថា «យើងមើលទ្រព្យសម្បត្តិរបស់លោក គឹម រស្មី គឺមិនទាន់មានអ្វីដែលអាចជាបញ្ហាទេ ហើយយើងឃើញថា ៥០ម៉ឺនដុល្លារ ដែលចែកឲ្យកូនៗនោះអត់មានទេ ព្រោះលុយក្នុងធនាគាររបស់គាត់ មានមិនគ្រប់៥០ម៉ឺនដុល្លារផង បានអីបើកសែក! គឺអត់មានលុយទេ គឺអួតសំញ៉ែងទ្រព្យទេ ដែលបញ្ហាគាត់ខុស គឺការសំញ៉ែងទ្រព្យ...ច្បាប់ ប្រឆាំងអំពើពុករលួយនៅកម្ពុជាយើង អត់មានដាក់គុកករណីសំញ៉ែងទ្រព្យនោះទេ អីចឹងករណីនេះហាក់ដូចជាចប់ ប៉ុន្តែលោក គឹម រស្មី នេះភ័យទៀត គឺ យើងខ្ញុំនៅបន្តស៊ើបអង្កេតផ្សេងទៀត»

ករណីផ្សេងដែលលោក ឱម យ៉ិនទៀង ព្រលយនោះ គឺករណីស្លាប់អ្នកកាសែត និងពាក់ព័ន្ធបទល្មើសព្រៃឈើ។ មេអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ប្រពន្ធរបស់លោក គឹម រស្មី មិនសូវចេះអក្សរទេ ប៉ុន្តែគាត់ពូកែរកស៊ីណាស់ ពាក់ព័ន្ធការចងការប្រាក់។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី នៅក្នុងពិធីខួបកំណើតបានប្រកាសនៅលើវេទិកាចែកប្រាក់ដល់កូនៗចំនួន ៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

មហាជនជាច្រើនបានបង្ហាញការសង្ស័យថា ឧត្តមសេនីយ៍ត្រី គឹម រស្មី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយ ដោយសារតែប្រាក់បៀវត្សរបស់គាត់ នឹងមិនអាចមានចំនួនច្រើនបែបនេះឡើយ។ ចំណែកអ្នកប្រើប្រាស់តាមបណ្តាញសង្គម Facebook មួយចំនួនទៀត ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយខ្នងនៃការរកស៊ីឈើ នៅខេត្តរតនៈគិរី ដែលជាខេត្តសម្បូរព្រៃឈឺទៀតផង។

អភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលដាក់ចេញនៅក្នុងអាណត្តិទី០៦នេះ ក៏ចាប់ផ្តើមផុលផុស តាមបណ្តាញសង្គម និងទំព័រសារព័ត៌មានជាថ្មីម្តងទៀត ដើម្បីរំលឹកដល់មន្រ្តីទាំងអស់ឱ្យខិតខំបម្រើជាតិ កុំកេងប្រវ័ញ ឬពុករលួយ។ អភិក្រម ១៖ ឆ្លុះកញ្ចក់ ២៖ ងូតទឹក ៣៖ ដុសក្អែល ៤៖ ព្យាបាល និង៥៖ វះកាត់ ដែលដាក់ចេញសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភានេះ ក៏ហាក់បង្ហាញថា រាជរដ្ឋាភិបាល នឹងមិនលើកលែងចំពោះមន្រ្តីខិលខូចខុសច្បាប់នោះឡើយ៕