(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។ លោក ពុយ គា អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារក្យូដូ របសជប៉ុនប្រចាំនៅកម្ពុជា តែងតែតាមដានយកចិត្តទុកដាក់ទៅលើកិច្ចប្រជុំក្នុងតំបន់មួយនេះ។
ក្រៅពីចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍កិច្ចប្រជុំផ្លូវការហើយនោះ លោក ពុយ គា ក៏តែងតែតាមដានពីសកម្មភាពនានានៅក្រៅកិច្ចប្រជុំផងដែរ ដោយលោកហៅព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំនេះថា «រឿងក្រៅឆាក»។ ខាងក្រោមនេះជារឿងក្រៅឆាកនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកត់សម្គាល់ដោយលោក ពុយ គា។
១៖ ប្រទេសថៃបានពង្រាយកម្លាំងសន្តិសុខច្រើនហួសពីការស្មាន៖
កម្លាំងសន្តិសុខជាង១ម៉ឺននាក់ត្រូវបានរដ្ឋាភិបាលថៃ ដាក់ពង្រាយនៅពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកកកាលពីចុងបា្តហ៍កន្លងទៅនេះ។ ការពង្រាយកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឮព័ត៌មានថា នឹងមានបាតុកម្មដែលអាចរំខានដល់កិច្ចប្រជុំកំពូលនៅពេលនោះ។
២៖ នាយករដ្ឋមន្ត្រីសឹង្ហបុរីស្កាត់ជួបមេដឹកនាំកម្ពុជា និងវៀតណាមនៅទីក្រុងបាងកក៖
ក្រោយពីការប៉ះសំដីគ្នាមួយប្រាវ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីរបស់សឹង្ហបុរី បានព្យាយាមជួបផ្ទាល់ជាមួយនឹងមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន ស៊ួនហ្វុក ដើម្បីបកស្រាយអំពីពាក្យពេចន៍ដែលលោកបាននិយាយថា វៀតណាមបានចូលឈ្លានពានកម្ពុជានៅឆ្នាំ១៩៧៩។
លោកលី មិនបានសូមអភ័យទោស ឬសំដែងការសោកស្តាយទេ តែបានព្យាយាមសម្រាលយ៉ាងដូច្នេះថា «ខ្ញុំបាននិយាយពីជំហររបស់ខ្ញុំ ហើយបានពន្យល់ពីមូលហេតុដែលខ្ញុំបាននិយាយអំពីអំឡុងពេលនៃសង្គ្រាមកម្ពុជា និងទស្សនវិស័យរបស់សឹង្ហបុរីលើបញ្ហានេះ»។ លោកលី បានបន្ថែមថា «ជាធម្មតាទស្សនៈយើងទាំងពីរខុសគ្នា ហើយយើងមិនរំពឹងថា ភាគីទាំងសងខាងនឹងមានការផ្លាស់ប្តូរទស្សនៈឬគំនិតលើបញ្ហានេះទេ»។
លោកលីបានបន្តទៀតថា «យើងបានផ្លាស់ប្តូរយោបល់គ្នាធ្វើយ៉ាងណាដើម្បីឱ្យយើងក្លាយទៅជាមិត្តនិងដៃគូជាមួយគ្នា ដោយឈរលើមូលដ្ឋាននៃភាពស្មោះត្រង់អំពីអ្វីដែលបានកើតឡើងកាលពីអតីតកាល ហើយយើងអាចធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នានិងទុកចិត្តគ្នាទៅវិញទៅមក»។
៣៖ នាយករដ្ឋមន្ត្រីវៀតណាមនិយាយដូចម្តេច?
លោក ង្វៀន ស៊ួនហ៊្វុក បាននិយាយថា អ្វីដែលលោកនាយករដ្ឋមន្ត្រី លី មានប្រសាសន៍ គឺមិនត្រឹមត្រូវទេហើយបានធ្វើឱ្យប៉ះពាល់ទាំងវៀតណាម និងកម្ពុជា។ លោក ហ៊្វុក បានបន្តថា ការនិយាយបែបនេះមានលក្ខណៈរើសអើង និងជះឥទ្ធិពលអវិជ្ជមានដល់វៀតណាម និងកម្ពុជា ជាពិសេសគ្រួសាររបស់ទាហ៊ានស្ម័គ្រចិត្តវៀតណាមរាប់ពាន់នាក់ ដែលបានពលីជីវិតដើម្បីជួយប្រជាជនកម្ពុជាបញ្ចប់របបប្រល័យពូជសាសន៍ដោយខ្មែរក្រហម ដើម្បីកសាងប្រទេសឡើងវិញ។
៤៖ នាយករដ្ឋមន្ត្រីកម្ពុជានិយាយដូចម្តេច?
ក្រោយពីជំនួបចប់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានផ្តល់ខ្លឹមសារថា «ថ្នាក់ដឹកនាំទាំងពីរ ពោលគឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម លី ស៊ានឡុង បានយល់ឃើញថា គឺជាការយល់សប្តិអាក្រក់មួយភ្លែតក្នុងទំនាក់ទំនងដ៏ល្អរបស់យើងទាំងពីរដែលមានតាំងពីដើមមក។ ទំនាក់ទំនងដ៏ល្អនេះត្រូវបានធ្វើឡើងក្រោយតែរយៈពេល១ថ្ងៃទេ ពោលគឺក្រោយពីសឹង្ហបុរីទទួលបានឯករាជ្យ កម្ពុជាបានទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី ដូច្នេះហើយយើងគួរតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត»។
លោក ប្រាក់ សុខុន បានបន្តថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនៈខុសគ្នា យល់ឃើញផ្សេងពីគ្នា ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល ឬទស្សនៈអតីតកាលបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះអោយឈឺឡើងវិញនោះទេ។
៥៖ តើលោក លី ស៊ានឡុង ជួបនាយករដ្ឋមន្រ្តីកម្ពុជា និងវៀតណាមក្នុងទម្រង់ និងបរិយាកាសយ៉ាងដូចម្តេច?
លោក លី ស៊ានឡុង ជាអ្នកស្នើសុំជួបមេដឹកនាំទាំងពីរមុន ដើម្បីព្យាបាលរបួស។ របៀបវារៈជួបជាមួយកម្ពុជា គឺផ្តោតទៅលើការសម្រាលពាក្យសំដីដែលបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ដូចនេះជំនួបត្រូវបានរៀបជាទម្រង់ឆ្លៀតពេលពីកិច្ចប្រជុំធំ (Pull Aside Meeting) ដែលពេលនោះឥរិយាបទលោក លី ស៊ានឡុង ហាក់ដូចជាបង្ហាញនូវកំហុសអ្វីមួយ បើទោះបីជាលោកព្យាយាមប្រកាន់ជំហរដើមដ៏រឹងត្អឹងក៏ដោយ។ ដោយឡែក ក្នុងជំនួបជាមួយវៀតណាម លោកលី ប្តូរឥរិយាបទបន្តិច របៀបស្មើភាព ឬសឹងតែក្រអឺតបន្តិចក៏ថាបាន ព្រោះពេលនោះលោកលី បានយកប្រធានបទនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរដើម្បីតថ្លៃជាមួយវៀតណាម (សូមផ្ទៀងផ្ទាត់ជាមួយរូបភាព) ។
៦៖ កិច្ចប្រជុំកំពូលអាស៊ានត្រូវបានធ្វើឡើងនៅក្បែរកន្លែងដែលផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០១៥៖
កិច្ចប្រជុំកំពូលអាស៊ានត្រូវបានប្រព្រឹត្តទៅនៅទីតាំងមួយដែលស្ថិតនៅតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីទីសក្ការៈបូជាមួយបែបព្រហ្មញ្ញសាសានា ដែលពេញនិយមជាងគេបំផុតនៅក្នុងទីក្រុងបាងកក។ កន្លែងនោះហើយ កាលពីឆ្នាំ២០១៥ មានករណីបំផ្ទុះគ្រាប់បែកបណ្តាលឱ្យមនុស្ស ២០នាក់ស្លាប់ និង ១២៥នាក់ផ្សេងទៀតរងរបួស។ ទីសក្ការៈបូជាស្ថិតនៅចំណុចប្រសព្វ Ratchaprasong – ផ្លូវបំបែកមួយនៅកណ្តាលរាជធានីដែលព័ទ្ធជុំវិញដោយរបងដែក។ នៅឆ្នាំ២០១០ តំបន់ Ratchaprasong ក៏ជាកន្លែងនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលដោយពួកអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ដែលត្រូវបានបណ្តេញចេញពីអំណាច។
បច្ចុប្បន្ននេះ ទីសក្ការៈបូជាខាងលើនៅតែពេញនិយមសម្រាប់អ្នកដែលមានជំនឿ ជាពិសេសអ្នកដែលមកបន់ស្រន់ដើម្បីសុំឱ្យមានកូន ឬមួយសុំលាភសំណាងឱ្យត្រូវឆ្នោត ឬកន្ទុយលេខជាដើម។ ដោយឡែកសម្រាប់អ្នកចង់បានស្នេហារស្មោះត្រង់ (នារីៗ) តែងនាំបុរសជាដៃគូរ ទៅទីសក្ការៈមួយទៀតស្ថិតនៅក្បែរគ្នានោះ។
៧៖ ស៊ុបព្រុយត្រីឆ្លាម អាហារពេញនិយមសម្រាប់គណៈប្រតិភូកម្ពុជា៖
ស៊ុបព្រុយត្រីឆ្លាមបានក្លាយទៅជាអាហារពិសេសមួយសម្រាប់សមាជិកប្រតិភូរបស់កម្ពុជា។ ទោះបីជានៅកម្ពុជាមានស៊ុបព្រុយត្រីឆ្លាមក៏ដោយ បើតាមការស្ទង់មតិមួយប្រាវជាមួយក្រុមអ្នកមាន (ក្រុមឧកញ្ញា) ពួកគាត់និយាយថាស៊ុបព្រុយត្រីឆ្លាមនៅបាងកកឆ្ងាញ់ជាងហើយថោកជាងនៅកម្ពុជា។ មានភោជនីយដ្ឋានស៊ុបព្រុយត្រីឆ្លាម២ ដែលពេញនិយមសម្រាប់អ្នកមានខ្មែរ នោះគឺ Scala Shark Fin និង Kieak Shark Fin Cuisine។ ដោយសារឮគេល្បីថាឆ្ងាញ់ ខ្ញុំក៏បានទៅសាកល្បងនឹងគេ តែនៅមិនអស់ចិត្តថាញាំស៊ុបព្រុយត្រីឆ្លាមបានប្រយោជន៍អ្វីបើថ្លៃយ៉ាងនេះ?
ប្រវត្តិដើមនៃស៊ុបព្រុយត្រីឆ្លាមត្រូវបានជ្រើសយកមកធ្វើជាម្ហូបមួយពិសេសដើម្បីផ្តល់កិត្តិយសដល់ភ្ញៀវ ព្រោះគេគិតថាវាជាឱសថមួយបែបនិងតំណាងឱ្យភាពជោគជ័យលើត្រីឆ្លាមដែលមានឥទ្ធិពលក្រៃលែងក្នុងមហាសាគរ។ ស៊ុបនេះមានដើមកំណើតក្នុងរាជវង្សសុងនៅក្នុងប្រទេសចិន ហើយគេបម្រើឱ្យតែក្រុមគ្រួសារអធិរាជនិងសមាជិកតុលាការតែប៉ុណ្ណោះ។ មានការអះអាងថាស៊ុបត្រីឆ្លាមអាចការពារជំងឺមហារីក បង្កើនផ្លូវភេទបុរស បង្កើនសម្រស់ស្បែក ជួយទប់ស្កាត់ជំងឺគាំងបេះដូង។ល។ ប៉ុន្តែមិនមានភស្តុតាងខាងវិទ្យាសាស្រ្តថាស៊ុបត្រីឆ្លាមអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺណាមួយឡើយ។ ផ្ទុយទៅវិញ ការបរិភោគសាច់ឆ្លាមឬព្រុយឆ្លាមអាចបង្កើនហានិភ័យនៃជំងឺវង្វេងវង្វាន់ និងការពុលលោហៈធ្ងន់ធ្ងរដូចការពុលបារត។
៨៖ មេដឹកនាំអាស៊ានចំនួន៤រូបមិនបានយកភរិយាឬស្វាមីមកជាមួយទេ៖
មេដឹកនាំអាស៊ានចំនួន៤រូប រួមមានសម្ដេច ហ៊ុន សែន ស្ដេចស៊ុលតង់របស់ប្រុយណេ ប្រធានាធិបតីហ្វីលីពីនលោកឌុយតែតេ និងលោកស្រី អ៊ុងសាន ស៊ូជី ពុំបានយកភរិយា ឬស្វាមីរបស់ខ្លួនមកចូលរួមកិច្ចប្រជុំនោះទេ។ ក្នុងចំណោមស្រ្តីទី១ទាំង៦រូបដែលមានវត្តមាននៅទីនោះ អ្នកចូលរួមរាប់ទាំងអ្នកសារព័ត៌មានផង បានចាប់អារម្មណ៍ខ្លាំងជាងគេទៅលើលោកស្រី ណារ៉ាផន ភរិយារបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ដែលមានកម្ពស់រហូតដល់ទៅជិតមួយម៉ែត្រប៉ែតសិប (១,៨០cm)។
លោកស្រី ណារ៉ាផន ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យជូឡាឡុងកន ហើយក៏បានជួបស្វាមីនៅពេលដែលលោកប្រយុទ្ធ ទៅរៀនភាសាអង់គ្លេសនៅទីនោះ។ ពួកគេបានរៀបការនៅឆ្នាំ ១៩៨៤ ក្នុងពិធីមួយក្រោមការជួយឧបត្ថម្ភរបស់ព្រះមហាក្សត្រ ហើយបានកូនភ្លោះស្រីដែលមានភាពល្បីល្បាញជាអ្នកចំរៀងប៉ុបនៅក្រុមតន្ត្រីមួយឈ្មោះថា Badz។
អ្នកមាននៅបាងកកបានកោតសរសើរលោកស្រីអំពីតួនាទីគាត់ជាមេផ្ទះ និងជាភរិយាដែលជួយមើលប្តីបានយ៉ាងល្អ។លោកស្រីត្រូវបានគេដកស្រង់សំដីថា «ជារឿយៗខ្ញុំបានប្រាប់ស្វាមីរបស់ខ្ញុំឱ្យនិយាយត្រជាក់ៗនៅពេលនិយាយទៅកាន់អ្នកសារព័ត៌មាន»។ លោកស្រីក៏ជាអ្នកទទួលខុសត្រូវចំពោះសំលៀកបំពាក់ ការតុបតែងមុខ និងការកាត់សក់របស់ប្តី។ គាត់បានបន្ថែមថា «ខ្ញុំចូលចិត្តឈុតស្ទីលតាមបែបអង់គ្លេស ប្តីរបស់ខ្ញុំស្លៀកពាក់តាមបែបអង់គ្លេស រួមទាំងម៉ូតស្បែកជើងផង»។
៩៖ បងប្អូនត្រីកោណ៖
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនហ៊្វុក បានបោះមេ អញ្ជើញបងប្អូនពីររូបទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។ ខ្លឹមសារនៃជំនួបនោះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាបង្ហើបថា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនឹងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និង អន្តរជាតិ ពិសេសទាក់ទិនទៅនឹងការអភិវឌ្ឍក្នុងតំបន់ត្រីកោណនៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។
សម្រាប់អ្នកតាមដាននយោបាយក្នុងតំបន់យល់ថា ការណាត់ជួបគ្នាខាងលើអាចបង្ហាញពីក្តីបារម្ភរបស់វៀតណាមអំពីការព្យាយាមងាកចេញរបស់កម្ពុជាដែលអាចជាគំរូទៅដល់ប្រទេសឡាវដែលកំពុងចាប់ផ្តើមព្យាយាមងាកចេញពីវៀតណាម
ដែរ។
១០៖ មេដឹកនាំអាស៊ានមានគម្រោងជួបប្រធានាធិបតីកូរ៉េខាងជើង (បុរសគ្រាប់រ៉ុក្កែត)៖
មេដឹកនាំអាស៊ានបានពិចារណាដោយប្រុងប្រយ័ត្នអំពីគម្រោងជួបមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីមានសំណើរពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ដែលចង់ឱ្យមានការអញ្ជើញលោកគីមឱ្យចូលរួមសម័យប្រជុំពិសេសមួយដោយឡែកពីកិច្ចប្រជុំកំពូលអាស៊ាន និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា នៅប៊ូសាន។ មេដឹកនាំអាស៊ានបានពិចារណាដោយប្រុងប្រយ័ត្នថា វាអាចអាប់ឱនដល់កិត្តិយសរបស់អាស៊ាន ប្រសិនបើ «គីមធ្វើការបដិសេធមិនព្រមជួបវិញនោះ»។ ដូចនេះអាស៊ានសម្រេចថាឱ្យ កូរ៉េខាងត្បូងជាអ្នកអញ្ជើញម្នាក់ឯងក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចុងឆ្នាំនេះ។ សូមបញ្ជាក់ថាប្រធានាធិបតីកូរ៉េខាងត្បូងចង់ឱ្យមានការចុះហត្ថលេខារួមគ្នាដោយថ្នាក់ដឹកនាំអាស៊ានទាំង១០និងខ្លួនគាត់ផ្ទាល់ ឬយ៉ាងហោចណាស់ក៏ចុះហត្ថលេខារវាងគាត់ជាមួយថៃដែលជាប្រធានអាស៊ាននៅឆ្នាំ២០១៩នេះ ។
ប្រទេសពីរក្នុងអាស៊ានគ្នាឯង «សឹង្ហបុរី និងវៀតណាម» ហាក់ដូចជាស្ទាក់ស្ទើរព្រោះបើមានជំនួបកើតមានមែន វាអាចជា «ស្រមោល» លុបលើជំនួបរវាងត្រាំនិងគីមដែលបានធ្វើឡើងនៅក្នុងប្រទេសពីរនេះ។
និយាយអំពីឈ្មោះវិញ ដោយសារលោកគីមតែងគំរាមបាញ់គ្រាប់រ៉ុក្កែត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដាក់រហ័សនាមថ្មីឱ្យថា «បុរសគ្រាប់រ៉ុក្កែត = Rocket Man» ហើយគីមក៏ដាក់រហ័សនាមថ្មីឱ្យត្រាំវិញដែរថា «តាចាស់វង្វេងវង្វាន់ = Dotard»។
១១៖ មេដឹកនាំអាស៊ានគ្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣៤៖
មេដឹកនាំអាស៊ានគ្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០៣៤ (FIFA World Cup) ១៥ឆ្នាំក្រោយ។ ផែនការនេះអាចប៉ះជាមួយប្រទេសអេហ្ស៊ីបដែលកំពុងចង់ធ្វើម្ចាស់ផ្ទះដែរ។ ប្រទេសថៃ និងឥណ្ឌូណេស៊ីបានសង្រ្គឺតធ្មេញចង់បោះមេធ្វើម្ចាស់ផ្ទះរួមគ្នា តែសូមឱ្យអាស៊ានជាចង្កោមចូលរួមឡប់ប៊ី (lobby)។ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup រួចហើយក្នុងឆ្នាំ២០០២។
ប្រទេសកាតានឹងក្លាយជាម្ចាស់ផ្ទះអាស៊ីទីបីនៅពេលព្រឹត្តិការណ៍នេះរៀបចំឡើងនៅឆ្នាំ ២០២២ ។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងត្រូវធ្វើឡើងរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិចកូ បច្ចុប្បន្នមានអ្នកប្រកួតប្រជែងជាច្រើនកំពុងតម្រៀបជួរដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០៣០ ក្នុងនោះរួមមានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ ផងដែរ។ ប្រទេសវៀតណាមគឺជាក្រុមកីឡាបាល់ទាត់បុរសល្អបំផុតនៅអាស៊ានដែលឈរក្នុងចំណាត់ថ្នាក់លេខ៩៦ ក្នុងតារាង FIFA និងតាមពីក្រោយដោយប្រទេសថៃ ក្នុងលេខរៀង១១៦៕
ប្រភព៖ Facebook របស់លោក Puy Kea