(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីរវាងឧកញ៉ា សុខ ប៊ុន ប្រធានក្រុមហ៊ុន សុខ ប៊ុន គ្រុប និងប្រជាពលរដ្ឋនៅលើកោះរ៉ុងទាំង ៤២គ្រួសារ គឺគ្មានដីទាំងអស់គ្នា ប៉ុន្តែជាការរៀបចំគម្រោងដើម្បីទទួលបានដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ការបញ្ជាក់យ៉ាងច្បាស់បែបនេះ របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឱកាសដែលោកបានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួនឧកញ៉ា ស៊ុខ ប៊ុន និងមន្ដ្រីអាជ្ញាធរកោះរ៉ុងចំនួន ៥នាក់ទៀតនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
ប្រធាន ACU បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមដាក់ចំណងជើងការងារដែលយើងនិយាយនៅថ្ងៃនេះបន្តិចថា ឧកញ៉ា សុខ ប៊ុន ឈ្លោះជាមួយប្រជាពលរដ្ឋទាំង ៤២គ្រួសារ អំពីថាគាត់មានដី ៥២៥ រីឯប្រជាជនប្រកែកហើយប្រកែកទៀតថា លោកឧកញ៉ា សុខ ប៊ុន មានតែ៥ហិកតាទេ នៅសល់ប៉ុន្មាន គឺរបស់ប្រជាពលរដ្ឋ ៤២គ្រួសារ នៅពេល៤២ អត់មានដី សុខ ប៊ុន អត់មានដី នាំគ្នាឈ្លោះគ្នាទៅ សុខ ប៊ុន បាន៥ហិកតា ហើយបន្តិចទៀត សុខ ប៊ុន ធ្វើជាចាញ់ប្រជាជន ដើម្បីទទួលបានដីចំនួន ៥ហិកតា ហើយនៅសល់ប៉ុន្មានទុកឱ្យប្រជាជន»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ប្រជាពលរដ្ឋទាំង ៤២គ្រួសារ រួមទាំងលោក សុខ ប៊ុន បានយកឯកសារក្លែងក្លាយនេះ មកប្រើប្រាស់ទាំងអស់ ដើម្បីទទួលបានដីដែលពួកគេបានទាមទារ។ ដូច្នេះករណីល្បិចខិលខូចរបស់លោកឧកញ៉ា សុខ ប៊ុន នឹងធ្វើឱ្យរដ្ឋបាត់បង់ដីចំនួន ៥២៥ហិកតា នៅលើល្បិចមួយនេះ ត្រង់ករណីនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា លោកឧកញ៉ា សុខ ប៊ុន និងប្រជាពលរដ្ឋទាំង ៤២គ្រួសារ មិនមានដីសូម្បីតែមួយហិកតានោះទេ។
ករណីនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋទាំង ៤២គ្រួសារថា កុំឱ្យមានការព្រួយបារម្ភឱ្យសោះ លើពាក្យចចាមរ៉ាមថា មានកម្លាំងសមត្ថកិច្ចតាមចាប់ ប្រជាពលរដ្ឋម្នាក់ ឬពីរនាក់ទៀតពាក់ព័ន្ធនឹងករណីនេះ ដូច្នេះសូមកុំព្រួយបារម្ភឱ្យសោះ គឺខាងសមត្ថកិច្ចឃាត់តែមន្ត្រីទាំង៥នាក់ តែប៉ុណ្ណោះ។
សូមជម្រាបថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕