(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូឬស្សី និងតូបលក់ទំនិញមួយចំនួនក្នងខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួត ចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះមន្ត្រីជំនាញ បានយកគំរូម្ហូបអាហារចំនួន២៤ គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា បន្លែគ្រប់មុខ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។ ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់ទេ ហើយជាមួយគ្នានោះ លោកក៏បានណែនាំដល់អាជីវករឲ្យយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ។
លោក គង់ វុទ្ធី ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ឈប់នៅការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបញ្ជាក់ថា សកម្មភាពទាំងនេះអនុវត្តន៍ ទៅតាមការណែនាំ របស់ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ៕