(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ ក្រុមការងារចម្រុះនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យការប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មី តាមបណ្តាសហគ្រាសផលិតបារីក្នុងស្រុក, សហគ្រាសនាំចូលបារី, ដេប៉ូចែកចាយ, ស្តង់លក់បារីនៅតាមទីផ្សារ, ហាងលក់ទំនិញធំៗ និងផ្សារទំនើបនានាក្នុងរាជធានី និងតាមបណ្តាខេត្ត។
នេះជាការជូនដំណឹងលើកចុងក្រោយ ដើម្បីក្រើនរំឭកដល់សហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី អ្នកលក់ និងអ្នកចែកចាយបារីក្នុងស្រុកទាំងអស់ ឱ្យមានការអនុវត្តពេញលេញ នូវការប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មី ហើយប៉ុន្មានថ្ងៃកន្លងមកនេះ មន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះចែកលិខិតជូនដំណឹងនេះ តាមបណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រះសីហនុ កោះកុង ស្វាយរៀង កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ និងតាមបណ្តាក្រុមហ៊ុនបារីធំៗមួយចំនួនទៀតផង។
សូមប្រកាសជាព័ត៌មាន ដល់ម្ចាស់សហគ្រាសផលិត, អ្នកចែកចាយ, អ្នកលក់បារី ក៏ដូចជាសាធារណជនទូទាំងប្រទេសឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាព្រមទាំងស្ថាប័នពាក់ព័ន្ធ នឹងចុះត្រួតពិនិត្យនៅតាមបណ្តារោងចក្រ, ឃ្លាំងស្តុក, កន្លែងចែកចាយ និងកន្លែងលក់បារីនានា ហើយប្រសិនបើពិនិត្យឃើញបារីនៅមានបិទតែមប្រិ៍អាករប្រភេទចាស់ មិនមានបិទតែមប្រិ៍អាករ ឬបិទតែមប្រិ៍អាករក្លែងក្លាយ នឹងត្រូវឃាត់ទុក និងគ្រប់គ្រងបារីទាំងនោះ ហើយតម្រូវឱ្យអ្នកផលិតបារី អ្នកនាំចូលបារី ឬម្ចាស់បារីទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់៕