(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សភាពាណិជ្ជកម្មចិននៅកម្ពុជា បានឧបត្ថម្ភថវិកា ១១ម៉ឺនដុល្លារ ដើម្បីជួយដល់គ្រួសារសពជនរងគ្រោះ ក្នុងហេតុការណ៍រលំអគារនៅក្នុងខេត្តព្រះសីហនុ។
តាមរយៈថវិកាឧបត្ថម្ភបន្ថែមនេះ ធ្វើឱ្យគ្រួសារសពទទួលបានថវិកាឧបត្ថម្ភកើនឡើងពី ៧៩,០០១ដុល្លារ ដល់ ៨២,៩២៩ដុល្លារ (សល់ ៥៧សេន)។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុនចិនក្នុងក្របខណ្ឌសភាពាណិជ្ជកម្មចិននៅកម្ពុជាចំពោះការឧបត្ថម្ភដ៏ថ្លៃថ្លានេះ។ សម្តេចតេជោ សង្ឃឹមថា ក្រុមគ្រួសារនៃសពនឹងប្រើប្រាស់ ថវិកានេះ ឱ្យមានផលប្រយោជន៍រយៈពេលវែងរាប់ទាំងការបណ្តុះបណ្តាលកូនចៅដែលឪពុកម្តាយស្លាប់ឱ្យទៅរៀនបានខ្ពងខ្ពស់ ដែលជាបំណងប្រាថ្នានៃអ្នកផ្តល់ជំនួយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះទៅ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនឹងទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ ដើម្បីផ្តល់ជូនថវិកានេះ តាមរយៈធនាគារដែលជាការធានាសុវត្ថិភាពសម្រាប់ម្ចាស់ប្រាក់។
សូមបញ្ជាក់ថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឱ្យមនុស្ស ២៨នាក់បានស្លាប់បាត់បង់ជីវិត និង២៦នាក់បានរងរបួសធ្ងន់ស្រាល។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែមិថុនា ក្នុងដំណើរអញ្ជើញចុះដឹកនាំប្រតិបត្តិការរើគំនរអគារជួយជនរងគ្រោះ បានអំពាវនាវដល់សម្បុរសជនចូលរួមបរិច្ចាគថវិកាជួយដល់ជនរងគ្រោះ។
សម្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជួយដល់ជនរងគ្រោះជាមួយសម្តេចតេជោ។ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសឈប់ទទួលជំនួសសម្បុរសនៅថ្ងៃទី២៧ ខែមិថុនា ម្សិលមិញនេះ។ ថវិកាដែលបានពីសម្បុរសជននេះ សម្តេចតេជោ ហ៊ុន សែន បានយក ៣០ម៉ឺនដុល្លារឧបត្ថម្ភទៅដល់អ្នករងរបួស។
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈ ក៏បានព្រះរាជនូបត្ថម្ភថវិកាជួយដល់ជនរងគ្រោះទាំងនេះផងដែរ។ ក្រៅពីនោះរដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល, កាកបាទក្រហម និងសប្បុសជនមួយចំនួនទៀត ក៏បានបរិច្ចាគថវិកាជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ដ៏សោកសង្រេងនេះ៕