(សៀមរាប)៖ លោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជាកំពុងប្រឈមមុខនឹងជំងឺឆ្លងមួយចំនួន ហើយជំងឺរបេង គឺជាអាទិភាពមួយ ក្នុងចំណោមបណ្តា ជំងឺឆ្លងសំខាន់ៗ របស់ក្រសួងសុខាភិបាល ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ របស់ក្រសួងសុខាភិបាល។ ដូច្នេះដើម្បីជំរុញឱ្យការងារនេះទៅដល់គោលដៅ ក្នុងការលុបបំបាត់ជំងឺរបេង នៅឆ្នាំ២០៣០ សូមអំពាវនាវដល់ដៃគូពាក់ព័ន្ធ បន្ដជួយគាំទ្របន្ថែម ដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងនេះ ។
លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការងារកំចាត់រោគរបេង ទទួលបាននូវសមិទ្ធិផលដ៏ធំធេង ជាពិសេសបំផុត ការដែលមានសេវាពិនិត្យ និងព្យាបាលជំងឺរបេង ដំណើរការល្អនៅគ្រប់កន្លែង ព្រមទាំងផ្តល់សេវាដូតស៍ ដល់ប្រជាជនដោយមិនមានបង់ថ្លៃនោះ។ តែទោះជាយ៉ាងណា ក៏សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ មេត្តាជួយ និងបន្តការជួយគាំទ្រ ដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងបន្ថែមទៀត ដើម្បីឱ្យកម្មវិធីជាតិ អាចសម្រេចបាននូវគោលដៅថ្មីៗ ជាពិសេស ចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ក្នុងការធ្វើឱ្យសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ការថ្លែងដូច្នេះរបស់លោករដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋម នៃការវាយតម្លៃរួមគ្នាឡើងវិញ របស់កម្មវិធីជាតិកំចាត់រោគរបេងលើកទី៣ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
លោកសាស្ត្រាចារ្យ បានថ្លែងបន្តថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស២២ ប្រទេសដែលមានជំងឺរបេងច្រើន ដែលបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សនៅចុងឆ្នាំ២០១៥ ។ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះពីកំរិត ៤២ករណី នៅឆ្នាំ២០០០ មកត្រឹម ១៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០១៧។ រីឯ អត្រាអាំងស៊ីដង់បានចុះថយពីកំរិត៥៧៥ករណី មក ៣២៦ករណី លើប្រជាជន ១០០,០០០នាក់ ក្នុងអំឡុងពេលដូចគ្នា។ នេះគឺជាជោគជ័យដ៏ជាទីមោទន នៃកម្មវិធីជាតិកំចាត់រោគរបេងរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ អេង ហួត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ត្រី និងបុគ្គលិកសុខាភិបាលគ្រប់ថ្នាក់ និងគ្រប់ផ្នែកទាំងអស់ព្រមទាំងភាគីដៃគូនានា ដែលបានខិតខំប្រឹងប្រែងជួយឧបត្ថម្ភ ក្នុងដំណើរការវាយតម្លៃនេះ ហើយបានធ្វើឱ្យការវាយតម្លៃទទួលបានជោគជ័យដ៏ល្អប្រសើរ។ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណ ចំពោះអង្គការមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍-របេង និងគ្រុនចាញ់, អង្គការ USAID, អង្គការសុខភាពពិភពលោក, Stop TB Partnership, អង្គការ JICA, វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងប្រទេសជប៉ុន (RIT) អង្គការ USCDC និងគំរោង ADB ព្រមទាំងអង្គការដទៃផ្សេងទៀត ដែលបាននឹងកំពុងគាំទ្រដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ទទួលសមិទ្ធផលគួរឲ្យកត់សំគាល់។
តាមការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ម៉ៅ តាន់អ៊ាង កន្លងមកបានឱ្យដឹងថា កម្មវិធីកំចាត់មេរោគរបេង អាចរក្សាបាននូវ អត្រាព្យាបាលជោគជ័យ លើសពី៩០% ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ហើយសម្រេចបានតាមផែនការឆ្នាំ២០១៨ ដែលក្នុងនោះព្យាបាលជោគជ័យបាន៩៣% និងស្រាវជ្រាវជំងឺរបេង សរុប ២៨,៧៥៧ករណី ។បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព រួមទាំងប៉ុស្ដិ៍សុខភាពទាំងអស់ សរុបចំនួនជាង ១៣២៥កន្លែង ទៅទូទាំប្រទេសមានសេវារបេង តាមយុទ្ធសាស្រ្ដ «ដូតស៍» និងបានពង្រីក ដូតស៍សហគមន៍ បានដល់៦៤៤ នៃមណ្ឌលសុខភាព ក្រៅពីដូតស៍ជាមូលដ្ឋាន មានសេវាពិសេសបន្ថែមមួយចំនួនទៀត ដើម្បីចូលរួមលើកកម្ពស់សុខភាព ក៏ដូចជារួមចំណែកដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា៕