(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សហចៅក្រមស៊ើបអង្កេត បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នានៅក្នុងសំណុំរឿង យឹម ទិត្យ សំណុំរឿងលេខ ០០៤/៧-០៩-២០០៩-អ.វ.ត.ក/ក.ស.ច.ស ផ្អែកតាមការខ្វែងយោបល់គ្នាថាតើ យឹម ទិត្យ ត្រូវស្ថិត ឬក៏មិនត្រូវស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ក្នុងចំណោមជនទាំងឡាយដែលទទួលខុស ត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ។

សហចៅក្រមស៊ើបអង្កេតជាតិ យល់ឃើញថា យឹម ទិត្យ មិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែល ទទួលខុសត្រូវខ្ពស់បំផុតនោះទេ ហើយលើកលែងការចោទប្រកាន់លើ យឹម ទិត្យ ដោយសារមូលហេតុនេះ។ ដើម្បីឈានដល់សេចក្តីសម្រេចបែបនេះ សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណាលើកម្រិតនៃការចូលរួមរបស់ យឹម ទិត្យ និងភាពធ្ងន់ធ្ងរ នៃឧក្រិដ្ឋកម្ម ព្រមទាំងកត្តាផ្សេងៗទៀតដូចជា ខ្លឹមសារនៃច្បាប់ និងកិច្ចព្រមព្រៀង អ.វ.ត.ក ព្រមទាំងគោលបំណង នៃអ្នកតាក់តែងកិច្ចព្រមព្រៀង និងច្បាប់ទាំងនោះ។

សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា យឹម ទិត្យ ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ក្នុងនាមជាជនម្នាក់ ក្នុងចំណោមជន ទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទបញ្ជូនគាត់ទៅជំនុំជម្រះចំពោះបទចោទ អំពើប្រល័យពូជសាសន៍ លើកម្ពុជាក្រោម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ព្រមទាំងបទឧក្រិដ្ឋកម្មក្រោមច្បាប់កម្ពុជា។ បទចោទខ្លះមិនមានភស្តុតាងបញ្ជាក់ទេ នៅក្នុងអំឡុងពេលស៊ើបសួរ ហេតុនេះ ត្រូវលើកលែងបទចោទទាំងនោះ។

សហចៅក្រមស៊ើបអង្កេតទាំងពីរ បានដាក់ដីកាដំណោះស្រាយរបស់ខ្លួនជាភាសាផ្លូវការរៀងៗខ្លួន ដោយសំណៅបកប្រែនឹងដាក់តាមក្រោយ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតទាំងពីរ ផ្តល់ជូនសេចក្តីសង្ខេបនៃសំអាងហេតុរៀងខ្លួនទាំងជាភាសាខ្មែរ និងជាភាសាអង់គ្លេស ដើម្បីធានាថា សាធារណជនទទួលបានព័ត៌មានគ្រប់គ្រាន់អំពីលទ្ធផល នៃសំណុំរឿង រហូតដល់ពេលសំណៅបកប្រែទាំងស្រុង ត្រូវបានដាក់។ សេចក្តីសង្ខេបទាំងនេះ មានភ្ជាប់ជាមួយនឹងសេចក្តីប្រកាសព័ត៌មាននេះ ហើយសហចៅក្រមស៊ើបអង្កេតទាំងពីរ សូមយោងលើសេចក្តីសង្ខេបទាំងនេះ សម្រាប់សេចក្តីលម្អិតថែមទៀត។

សហចៅក្រមស៊ើបអង្កេតទាំងពីរក៏បានចេញដីកាសម្រេចដាច់ដោយឡែកពីគ្នាលើភាពអាចទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី៕

ខ្លឹមសារទាំងស្រុងនៃដីកាដំណោះស្រាយទាំងពីរជាសំណៅសាធារណៈដោយមានការកោសលុបអាចរកបានតាមរយៈ៖ https://www.eccc.gov.kh/sites/default/files/documents/courtdoc/%5Bdate-in-tz%5D/D381_KH_Redacted.PDF
https://www.eccc.gov.kh/sites/default/files/documents/courtdoc/%5Bdate-in-tz%5D/D382_EN_redacted.PDF

ខាងក្រោមនេះ របាយការណ៍សហចៅក្រមស៊ើបអង្កេត ចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿង យឹម ទិត្យ៖