(តាកែវ)៖ លោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា គណបក្សប្រជាជនកម្ពុជាដើរតួគ្រប់កាលៈទេសៈជាកម្លាំងនយោបាយដែលបានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងជាកម្លាំងស្នូលរបស់ជាតិក្នុងដំណើរស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេស។
លោក យឹម ណុលឡា បានលើកឡើងថា នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានអ្នកណាអាចបំភ្លៃបាននោះឡើយ។ ការថ្លែងរបស់លោក យឹម ណុលឡា បានថ្លែងដូច្នេះនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការគណបក្សស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សស្រុក ឃុំ សមាជិកគណបក្សជុំវិញស្រុក និងយុវជនប្រមាណ ២៥០នាក់។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។
លោក យឹម ណុលឡា និងលោក ពេជ សោភ័ន បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកព្រៃកប្បាស ដែលបានខិតខំប្រឹងប្រែងសហការរួបរួមគ្នា សាមគ្គីជាធ្លុងមួយក្នុងការថែរក្សា អភិវឌ្ឍប្រទេសជាតិឱ្យទទួលបានជោគជ័យរហូតមកដល់ពេលនេះ។
លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា យុវជនជ្រើសរើសគណបក្សត្រូវមើលពូជ តើមកពីណា? បង្កើតគណបក្សដើម្បីអ្វី? ដើម្បីប្រទេសជាតិ ប្រជាជន ឬដើម្បីខ្លួនឯង? មានស្នាដៃអ្វីខ្លះ?
លោកបានថ្លែងបន្តថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាគណបក្សមានប្រភពកើតចេញពីចលនាស្នេហាជាតិរបស់ប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៥១មក។ យើងទាំងអស់គ្នា គឺជាសាក្សីរស់មិនអាចក្រឡៃបាន ដែលបានឆ្លងកាត់សមុទ្រទុក្ខ ទន្លេឆ្អឹង ស្ទឹងឈាម និងការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលសង្រ្គោះជីវិតប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីគ្រោះមរណៈដោយបានតស៊ូ វាយរំលំរបបប្រល័យពូជសាសន៍ រហូតទទួលជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានអ្នកណាអាចបំភ្លៃបាន»។
នៅក្នុងកម្មវិធីនេះ លោក យឹម ណុលឡា ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានអាយុ ៦៨ឆ្នាំ និងជាគណបក្សវ័យចំណាស់ជាងគេ មានបទពិសោធន៍ជាងគេក្នុងការដឹកនាំប្រទេស និងបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ហើយបានចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។
«ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់គោលនយោបាយឈ្នះ-ឈ្នះ រំលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម ដោយបង្រួបបង្រួមជាតិតែមួយឡើងវិញ ទើបប្រទេសជាតិ បានសុខសន្តិភាព ពេញបរិបូណ៌ មានការកសាង និងអភិវឌ្ឍលើគ្រប់វិស័យដូចបានឃើញស្រាប់ក្នុងពេលបច្ចុប្បន្ននេះ»។ លោក យឹម ណុលឡា បញ្ជាក់។
មុននឹងបញ្ចប់កម្មវិធី លោក យឹម ណុលឡា និងលោក ពេជ សោភ័ន ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្ស និងជនរួមជាតិទាំងអស់ សូមបន្តរួបរួមគ្នាជាធ្លុងមួយក្នុងមហាគ្រួសារតែមួយ និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីបន្តថែរក្សា និងពង្រីករាល់សមិទ្ធផលនៃសង្គមជាតិ។ ជាពិសេសថែរក្សានូវសន្តិភាពដែលជាសមិទ្ធផលដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបាន ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត៕