(ព្រះវិហារ)៖ ទឹកចិត្តស្រឡាញ់ ក្រុមយុវជនកាកបាទក្រហម និងសិស្សវិទ្យាល័យកំពង់ស្រឡៅ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ប្រមូលថវិកាសប្បុរសធម៌ ក្នុងភូមិកំពង់ស្រឡៅ បានថវិកាសរុប ១,៦៥៦,២០០រៀល ដើម្បីជួយដល់លោកគ្រូ ទូច ផល្លា គ្រូបង្រៀននៅអនុវិទ្យាល័យកំពង់ស្រឡៅ ស្ថិតនៅភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់ពីត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងនោះ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

បន្ថែមពីនេះភ្លាមៗ បន្ទាប់ពីផ្ទះត្រូវឆាបឆេះអស់លោក សុខ សាន្តតារា អភិបាលស្រុកឆែប និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាស្រុក ក៏បាននាំអំណោយរបស់កាកបាទក្រហម ចុះទៅសួរសុខទុក្ខ បានសំដែងការសោកស្តាយ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យ ដែលបណ្តាលឱ្យឆេះផ្ទះនេះ។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំឱ្យជនរងគ្រោះកុំមានការអស់សង្ឃឹមអី ក្នុងនាមអាជ្ញាធរដែនដីស្រុក និងក្រុមការងារសន្យានឹងជួយធ្វើផ្ទះជូនឡើងវិញក្នុងពេលឆាប់ៗនេះ។

លោក សុខ សាន្តតារា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងយកចិត្តទុកដាក់គិតគូរជានិច្ចដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដោយមិនមានការរើសអើងឡើយពីនិន្នាការនយោបាយ ឬជាតិសាសន៍ពណ៌សម្បុរ។ អំណោយដែលយកប្រគល់ជូននៅពេលនេះ រួមមាន៖ ថវិកា ២លានរៀល និងសម្ភារជាច្រើនទៀត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ អគ្គិភយ័មួយបានកើតឡើងបណ្តាលឲ្យផ្ទះមួយខ្នងមានទំហ៊ំ៧ម៉ែត្រ គុណ ៩ម៉ែត្រ រងការខូចខាតទាំងស្រុង ដែលមានជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ទូច ផល្លា មុខរបរគ្រូបង្រៀន រស់នៅភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ៕