(ព្រះសីហនុ)៖ លោក យន្ត មីន នឹងត្រូវផ្លាស់ចេញពីតំណែងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះហើយ បន្ទាប់ពីរូបលោកបានគ្រប់គ្រងខេត្តមួយនេះអស់រយៈពេលប្រមាណ៤ឆ្នាំមកនោះ។ មុននឹងប្រកាសចេញពីតំណែងលោក យន្ត មីន បានផ្តាំមន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងយកច្បាប់ជាគោល។
ការផ្តាំផ្ញើរបស់លោក យន្ត មីន បានធ្វើឡើងនាឱកាសចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ខែកក្កដា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះ លោក យន្ត មីន បានថ្លែងអំណរគុណមន្ត្រីរាជការនៅតាមមន្ទីរអង្គភាពនានា នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំបំពេញការងារ ព្រមទាំងបានគាំទ្រការដឹកនាំរបស់លោករយៈពេលជិត ៤ឆ្នាំកន្លងមកនេះ ដើម្បីជំរុញឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍ ជីវភាពប្រជាជន បានធូធារដូចសព្វថ្ងៃនេះ។
បន្ថែមលើនេះ លោក យន្ត មីន បានផ្តាំផ្ញើមន្ត្រីទាំងឡាយត្រូវខិតខំបំរើប្រជាជនដោយស្មោះត្រង់ និងយកច្បាប់ជាគោល។ លោក យន្ត មីន បានផ្តាំមន្ត្រីឲ្យយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍, បរិស្ថាន (ការគ្រប់គ្រងសំណល់រឹង /រាវ), ពិនិត្យភាពស្របច្បាប់ របស់ជនបរទេសមករកស៊ីនៅក្រុងព្រះសីហនុ ដើម្បីកុំឱ្យប្រជាជនថ្នាំងថ្នាក់, ការគ្រប់គ្រងសំណង់។ បញ្ហាសំណង់នេះ លោកស្នើឱ្យអនុវត្តន៍បានម៉ឹងម៉ាត់ស្របតាមច្បាប់ ព្រោះកន្លងមកហាក់មានការធ្វេសប្រហែស។
លោក យន្ត មីន ក៏ផ្តាំឱ្យចិត្តទុកដាក់ទៅលើភាពអនាធិបត្តេយ្យដីធ្លី, ស្នើរដ្ឋបាលក្រុងលៃលករៀបចំ street food (កន្លែងលក់អាហារតាមចិញ្ចើមផ្លូវអោយពលរដ្ឋលក់ដូរពេលយប់), ការងារគ្រប់គ្រង អូរ ប្រឡាយ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ទប់ស្កាត់ការរំលោភឱ្យបាន។
លោកអភិបាលខេត្តជិតបញ្ចប់តួនាទីនេះ ក៏បានស្នើមន្ត្រីបន្តចុះពិនិត្យការធ្វើអាងប្រព្រឹត្តកម្មតាមទីតាំងសំណង់ទាំងអស់ឡើងវិញ, ពង្រឹងសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ លឿន មានគុណភាព តម្លាភាព និងគណនីភាព ដើម្បីឱ្យប្រជាជនទុកចិត្តបាន, យកចិត្តទុកដាក់ក្នុងការងារដោះស្រាយទំនាស់ដីធ្លីជូនប្រជាជន, ពង្រឹងឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវច្បាស់លាស់ និងការអនុវត្តការងារត្រូវយកច្បាប់ជាគោល។
សូមបញ្ជាក់ថា លោក យន្ត មីន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បានសម្រេចចិត្តសុំលាលែងចេញពីតំណែងអភិបាលខេត្តព្រះសីហនុ។ ការស្នើសុំនេះធ្វើឡើង ដើម្បីជាការសុំទោសដល់ជនរងគ្រោះទាំងឡាយដែលបានរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅម៉ោងជាង៤ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ ហេតុការណ៍បាក់រលំអគារនេះ បណ្តាលឱ្យមនុស្ស ២៨នាក់ស្លាប់ និង ២៦នាក់រងរបួស។
សំណើសុំលាលែងចេញពីតំណែងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន យល់ព្រម ហើយពិធីផ្លាស់ប្តូរតំណែងលោក យន្ត មីន នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ៕