(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក ប៊ុន លើត សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលចុះជួយខេត្តកោះកុង បានអះអាងថា រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។
ពិធីប្រារព្ធបអនុស្សាវរីយ៍លើកទី៦៨នេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង និងមានការចូលរួមបងប្អូនជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជារាប់រយនាក់។
ក្នុងឱកាសនេះលោក ប៊ុន លើត បានអានសារលិខិតរបស់សម្តេចតេជោទាំងស្រុង ដើម្បីឱ្យសមាជិកបក្សដែលអញ្ជើញស្តាប់ នៃខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះលោក ប៊ុន លើត បានលើកឡើងថា ដើមី្បថែរក្សាការពារ រាល់សមទ្ធិផល នៃសង្គមជាតិឱ្យបានគង់វង្ស ដណ្តើមជោគជ័យធំៗ ក្នុងការកសាងអភិវឌ្ឍមាតុភូមិ និងការលើកស្ទួយជីវភាពរបស់ប្រជាជន។
បន្ថែមពីនេះ លោកបានលើកឡើងថា គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដែលជាសសរគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅ របស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ក្នុងរយៈពេល០៥ឆ្នាំខាងមុខនេះ ក្នុងការអភិវឌ្ឍន៍បម្រើប្រទេសជាតិ ក្នុងការឆ្លើយតប ទៅឆន្ទៈម្ចាស់សន្លឹកឆ្នោត ដែលមានការគាំទ្រពីប្រជាជន និងគាំទ្រពេញទំហឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី០៤ ឱ្យមានប្រសិទ្ធភាព ដើមី្បសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍ សហស្សវត្សកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ប៊ុន លើត បានបញ្ជាក់ថា ដើម្បីប្រទេសជាតិមានការរីកចំរើនការអភិវឌ្ឍន៍គ្រប់វិស័យ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានចេះស្រលាញ់គ្នារួមសាមគ្គីទើបប្រទេសជាតិទទួលបានជ័យ និងធនធានមនុស្សកានតែរីកចម្រើន៕