(កណ្តាល)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានអញ្ជើញជាអធិបតីនៅក្នុងមីទ្ទីង រំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩)។ មីទ្ទីងនេះ មានការអញ្ជើញចូលរួមពីមន្រ្តី និងសកម្មជនគណបក្ស នៅក្នុងមូលដ្ឋានស្រុកមុខកំពូលជិត៥០០នាក់។
អង្គមីទ្ទីងទាំងមូល បានស្តាប់ដោយយកចិត្តទុកដាក់បំផុតនូវខ្លឹមសារទាំងស្រុង នៃសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលអានដោយលោកប្រធានគណៈកម្មាធិការគណបក្សស្រុកមុខកំពូល។
ជួបជាមួយមន្រ្តី និងសកម្មជនគណបក្សនៅក្នុងមីទ្ទីងនេះ, លោក វង្សី វិស្សុត បានលើកឡើងថា នៅក្នុងរយៈពេល ៦៨ឆ្នាំមកនេះ គណបក្សបានឆ្លងកាត់ច្រើនដំណាក់កាល និងបានបំពេញនូវបេសកកម្ម ជាបន្តបន្ទាប់បម្រើប្រទេសជាតិ និងប្រជាជនស្របទៅតាមស្ថានភាព ជាក់ស្តែងរបស់ប្រទេស នៅក្នុងដំណាក់កាលនីមួយៗ ដោយបានធ្វើអ្វីៗទាំងអស់ ដើម្បីជាតិយើងបានរស់ និងប្រជាជនមានជីវភាពធូរធា។
លោកបានបន្តថា ការបន្តកាន់អំណាចរបស់គណបក្ស និងការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មបម្រើជាតិ រយៈពេល ៤០ឆ្នាំកន្លងមកនេះ គឺមិនមែនជារឿងចៃដន្យនោះទេ ពោលគឺដោយសារគណបក្សមានមាគ៌ា នយោបាយត្រឹមត្រូវ និងតែងបានយកប្រជាជនជាធំ និងតម្តល់ផលប្រយោជន៍ជាតិជាធំគ្រប់កាលៈទេសៈ ហើយជាពិសេសគឺគណបក្សមានមេដឹកនាំល្អ ខ្លាំងពូកែ និងប្រាកដនិយម។
លោក វង្សី វិស្សុត បានលើកឡើងផងដែរថា តថភាពជាក់ស្តែង នៃប្រវត្តិសាស្រ្តនៅក្នុងទសវត្សទី៧០ បានឆ្លុះបញ្ចាំងឱ្យយើងឃើញថា កត្តាសង្គ្រាម និងសន្តិភាពនៅកម្ពុជា តែងតែមានភ្ជាប់ទៅនឹង សង្គ្រាមត្រជាក់ ដែលជាកត្តាខាងក្រៅ។
លោកបានបន្តថា បច្ចុប្បន្ននេះ ដោយសារកត្តាភូមិសាស្រ្ត នយោបាយបានធ្វើឱ្យប្រទេសកម្ពុជា កំពុងស្ថិតនៅមាត់ច្រកនៃស្ថានភាពដូចទសវត្សឆ្នាំ៧០ សារជាថ្មីម្តងទៀតហើយ។ លោកបានសង្កត់ធ្ងន់ថា ក្នុងពេលនេះ គឺជាពេលដែលសំខាន់ជាងពេលណាៗទាំងអស់ ដែលមន្រ្តីបក្សគ្រប់លំដាប់ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ខិតខំឈរជើងឱ្យជាប់ និងត្រូវបន្តស្មារតីស្នេហាជាតិ និងប្រជាជន ជាពិសេសត្រូវហ៊ាន ក្រោកឈរឡើង ដើម្បីប្រឆាំងទប់ទល់នូវអ្វីទាំងឡាយណា ដែលចង់មកបំផ្លាញសន្តិភាពនៅកម្ពុជា។
លោក វង្សី វិស្សុត បានបញ្ជាក់ថា «ប្រជាធិបតេយ្យ គឺជាដំណើរការ ដែលត្រូវការស៊ីពេលវេលាវែងឆ្ងាយ និងមែនមែនគ្រាន់តែជាពាក្យសម្តី ដូចមជ្ឈដ្ឋានខ្លះតែងបានលើកឡើងនោះទេ។ យើងចង់បាននូវប្រជាធិបតេយ្យមួយ ដែលអាចធានារក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា។ យើងអស់គ្នាមានមោទនភាព ចំពោះដំណើរការប្រជាធិបតេយ្យ ភាវូបនីយកម្ម តាមដំណាក់កាលនីមួយៗនៅកម្ពុជា»។
លោក វង្សី វិស្សុត ក៏បានលើកឡើងអំពីដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទស្សវិស័យទៅថ្ងៃមុខ ជាពិសេសការអនុវត្ត យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងការ ផ្តល់អាទិភាពដល់គោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យសំខាន់ៗ ដូចជាធនធនធានមនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យផ្សេងទៀតដែលទ្រទ្រង់កំណើន ដូចជាសេដ្ឋកិច្ចឌីជីថលជាដើម។ ចុងក្រោយ លោកបានផ្តាំផ្ញើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តធ្វើអំពើល្អ និងខិតខំបម្រើប្រជាជន ដោយស្មោះត្រង់ ជាពិសេសត្រូវបន្តពង្រឹង ការផ្តល់សេវាសារធារណៈគ្រប់ប្រភេទ និងបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ៕