(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំការប្រារព្ធពិធីអបអរសាទរខួបទី៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សទាំងពីរស្រុកខាងលើជាច្រើនរយនាក់។
បន្ទាប់ពីលោក អ៊ួង សារឿន ប្រធានគណបក្សស្រុកបារាយណ៍ និងជាតំណាងឲ្យស្រុកតាំងគោកផង អាននូវសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៨ នៃការបង្កើតគណបក្សប្រជាជនកម្ពុជារួចមក លោក ថោង ខុន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាញយកសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើ យកមកមើលដើម្បីយល់ដឹងពីប្រវត្តិនៃការបង្កើតគណបក្ស ប្រវត្តិតស៊ូក្នុងការស្រោចស្រង់ជាតិ និងប្រជាជនកម្ពុជា ដំណើរការនៃការកសាងប្រទេសជាតិតាំងពីបាតដៃទទេរ ក៏ដូចជាយុទ្ធសាស្ត្រ គោលនយោបាយក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិដ៏កម្សត់មួយនេះទៅថ្ងៃមុខៗ។
លោក ថោង ខុន បានរំឭកថា លោកបានចូលជាសមាជិកពេញសិទ្ធគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨០ (មុនចូលសមាជិកបក្សពេញសិទ្ធ ត្រូវឆ្លងកាត់សមាជិកក្រុមស្នូល និងសមាជិកបក្សត្រៀមសិន)។
លោកបានរៀបរាប់ពីប្រវត្តិនៃដំណើរការរចនាស្លាកគណបក្សប្រជាជនកម្ពុជាឡើងនៅឆ្នាំ១៩៩៣ ដោយលោកក៏ជាថ្នាក់ដឹកនាំម្នាក់ចូលរួមក្នុងការរចនាស្លាកគណបក្សដ៏ធំ និងចំណាស់ជាងគេនៅកម្ពុជាមួយនេះផងដែរ។
លោកបានលើកឡើងពីស្ថានភាពនយោបាយដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានយោបាយអគតិបំផ្លិចបំផ្លាញជាតិរបស់អតីតបក្សប្រឆាំង ដែលតែងតែព្យាយាមប្រើគ្រប់ឧបាយកលដើម្បីបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋខ្មែរ និងប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាគណបក្សជាប់ឆ្នោត។
លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ខិតខំរកការងារធ្វើជូនប្រជាពលរដ្ឋ យុវជន ខិតខំរកទីផ្សារលក់កសិផលជូនប្រជាកសិករ ខិតខំទាក់ទាញភ្ញៀវទេសចរ។
ជាមួយគ្នានោះ លោក ថោង ខុន ក៏បានណែនាំដល់សមាជិក-សមាជិកាគណបក្សនូវប្រការមួយចំនួនផងដែរ រួមមាន៖
* បន្តខិតខំការងារបង្កបង្កើនផលស្រូវ ដំណាំ ចម្ការ និងមុខរបរ ដើម្បីបង្កើនជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
* ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងជួយគ្នាទៅវិញទៅមក។
* មន្រ្តីរាជការ រដ្ឋអំណាច អាជ្ញាធរ និងសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋអោយអស់ពីចិត្តពីថ្លើម ពិសេសផ្តល់សេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ។
* ចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជន។
ក្រោយបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ លោក ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិក ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមទទួលទាននំបញ្ចុកសាមគ្គីជុំគ្នាប្រកបដោយភាពស្និទ្ធស្នាល៕