(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានរៀបចំ កម្មវិធីកិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» ដោយមានការពិភាក្សារួមគ្នាពីវាគ្មិនល្បីៗចំនួន៤រូប និងពិភាក្សាលើប្រធានបទស្ដីពី «ហេតុអ្វីកម្ពុជាឧស្សាហកម្ម៤.០» ។
កិច្ចសន្ទនានេះមានការចួលរួមវាគ្មិនលោកស្រី ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមាជិកណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា, លោក អ៊ុង លុយណា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយ ឌីជីថល, លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing និងលោក សោម រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកសម្របសម្រួលកម្មវិធី។
កិច្ចពិភាក្សាស្ដីពី «កម្ពុជាឧស្សាហកម្ម៤.០» ធ្វើឡើងក្នុងគោលបំណងផ្ដល់ជាវេទិកា នៃការបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជា ពិសេសសិស្សនិស្សិតអំពីឧស្សាហកម្ម៤.០ និងចូលរួមចំណែក ដល់ការអភិវឌ្ឍគោលនយោបាយប្រទេសកម្ពុជា ឆ្ពោះទៅរយកយុគសម័យថ្មី នៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា។
សូមជម្រាបថា បដិវត្តន៍ឧស្សាហកម្មទី៤ អាចឆ្ពោះមកបានក៏មានការឆ្លងកាតនៅ បដិវត្តន៍ឧស្សាហកម្មទី១, ទី២ និងទី៣។ ដោយបដិវត្តន៍ឧស្សាហកម្មទី១ កើតឡើងរវាងឆ្នាំ១៧៦០ និងឆ្នាំ១៨៤០ ហើយផលិតកម្មមេកានិចបង្ហាញខ្លួនលើកដំបូង តាមរយៈការបង្កើតម៉ាស៊ីន ដើរដោយចំហាយទឹកគួបផ្សំជាមួយនឹងការប្រើប្រាស់ផ្លូវរថភ្លើង។
បដិវត្តន៍ឧស្សាហកម្មទី២ បង្ហាញខ្លួននៅចុងសតវត្សទី១៩ តាមរយៈរបកគំហើញថាមពលអគ្គិសនី និងការបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រ និងបដិវត្តន៍ឧស្សាហកម្មទី៣ បានកើតឡើងផ្អែកលើកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ប្រព័ន្ធអ៊ីធើណិត, ព័ត៌មានវិទ្យា (IT), ស៊ីមីកុងឌុចទ័រ និងកុំព្យូទ័រភាវូបនីយកម្ម។
ក្នុងកិច្ចពិភាក្សានោះវាគ្មិនទាំង៤រូប បានរួមគ្នាបញ្ចេញមតិយោបលផ្សេងៗ ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចូលមកដល់របស់បដិវត្តន៍ឧស្សាហកម្មទី៤នេះ។
លោកស្រី ចម និមល បានលើកឡើងថា ក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម ក៏បានកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកនូវឧស្សាហកម្ម៤.០នេះ ព្រមទាំងមានទិសដៅ២ធំៗ ដោយក្នុងនោះទិសដៅទី១ បានអនុវត្តរួចមកហើយ ហើយទី២៖ កំពុងអនុវត្តន៍ក្នុងពេលឆាប់ៗ។
លោកស្រីបន្ដថា ទិសដៅទី១ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំនោះគឺ៖ ការចុះបញ្ជីអនឡាញ ទាំងការចុះបញ្ជីកម្មសិទ្ធិបញ្ញា, ការចុះបញ្ជីអាជីវកម្ម ព្រមទាំងអាជ្ញាបណ្ណនាំចេញផេ្សងៗនោះ ខាងក្រសួងពាណិជ្ជកម្មបាន និងកំពុងរៀបចំ ប្រព័ន្ធអនឡាញ ដែលអាចទទួលបានការឆ្លើយតប, ការដាក់ពាក្យ និងការឆ្លើយតបបែបរហ័ស ក្នុងរយៈពេល១-៣ថ្ងៃនៃការថ្ងៃធ្វើការ។ ក្រៅពីការសម្រួលទាំងនេះ ក្រសួងបានធ្វើប្រតិភូកាន់អំណាចដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឲ្យលោកមានលទ្ធភាព ក្នុងការជួយពង្រីកបណ្ដុះបណ្ដាល ពីរបៀបរបនៃការចុះបញ្ជី ដើម្បីសម្រួលដល់អាជីវកម្មទូទាំងប្រទេស។
ចំណែកទី២ គឺជាការរៀបចំប្រព័ន្ធអនឡាញ ក្នុងក្រសួងតែម្ដង គឺជាប្រព័ន្ធមួយ សម្រាបឆែករបាយការណ៍ សម្រាប់ការវិវត្តន៍របស់អង្គភាពនីមួយៗ ក្រោមស្ថាបប័នពាណិជ្ជកម្មទាំងមូល ដូចជារបាយការណ៍របស់អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ពាណិជ្ជកម្មក្នុងប្រទេស តើពួកគាត់បានដំណើរការដល់ណា ឬវិវត្តយ៉ាងណាបន្ថែមទៀតជាដើម។
លោក ជី សិលា បានឲ្យដឹងថា «សម្រាប់គំនិតខ្ញុំ។ ខ្ញុំគិតថាបដិវត្តន៍ឧស្សាហកម្ម៤.០នេះ នឹងផ្ដល់ភាពងាយស្រួលខ្លាំងមែនទែន ដែលអាចនិយាយបានថា មិនចាំបាច់ឲ្យមនុស្សនិយាយ ត្រឹមតែគិតក៏អាចផ្ដល់ទៅដល់បាន ប៉ុន្ដែសម្រាប់ភាពកាន់តែងាយស្រួលនេះ ក៏មានផលអវិជ្ជមានបន្ដិចផងដែរ គឺកាន់តែងាយស្រួល ធ្វើឲ្យមនុស្សកាន់តែខ្ជិល»។
លោក អ៊ុង លុយណា បានឲ្យដឹងថា ការចូលមកររបស់ឧស្សាហកម្ម៤.០នេះ នឹងជួយដល់វិស័យសេដ្ឋកិច្ចជាតិច្រើន។ ជាក់ស្ដែងដូចក្នុងវិស័យកសិកម្ម អាចធ្វើឲ្យមានឱកាសក្នុងការបង្កើនផលិតភាពរបស់យើង ឧទាហរណ៍ថា ពីមុនយើងធ្វើធ្វើស្រែចំការបានទិន្នផលទាប ប៉ុន្ដែពេលឧស្សាហកម្ម៤.០ ចូលមកនឹងធ្វើឲ្យ ផលិតផលកសិកម្មនឹងកាន់តែល្អប្រសើរឡើង។
លោកបន្ដថា ចំណែកឯកការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលវិញ ក៏កាន់តែងាយស្រួលផងដែរ ដោយរាជរដ្ឋាភិបាលគ្រប់គ្រង និងការបែងចែកធនធាន កាន់តែមានប្រសិទ្ធិភាពជាងមុនជាដើម៕