(កំពត)៖ រដ្ឋបាលជលផល សហការជាមួយ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) បានរៀបដំណើរទស្សកិច្ចសិក្សាមួយ សម្រាប់គណៈកម្មការសហគមន៍នេសាទ មកពីតំបន់ឆ្នេរសរុបប្រមាណ ៤០នាក់ នៅថ្ងៃទី២៤-២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសហគមន៍នេសាទត្រពាំងសង្កែ ឃុំត្រពាំង ស្រុកទឹកឈូ ខេត្តកំពត ដែលជាសហគមន៍នេសាទគំរូ នៅក្នុងតំបន់ក្នុងដំណើការគ្រប់គ្រងសហគមន៍របស់ខ្លួន។

សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ការការពារធនធានជលផល នៅតាមមូលដ្ឋានរបស់សហគមន៍ នេសាទនីមួយៗ ប្រកបដោយប្រសិទ្ធិភាព និងធានានិររន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ។

តាមរយៈបទពិសោធន៍នៃការគ្រប់គ្រង ដែលសហគមន៍នេសាទតំបន់ឆ្នេរបានអនុវត្តកន្លងមក បង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចជាសហគមន៍បានរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងច្បាស់លាស់ មានផែនទីកំណត់ដែននេសាទ សហគមន៍ច្បាស់លាស់ បានបង្កើតតំបន់អភិរក្ស និងតំបន់ការពារ ដោយមានការគាំទ្រ និងសហការពីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ ទន្ទឹមនេះ សហគមន៍នេសាទតំបន់ឆ្នេរ ក៏ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជាបទមានបទល្មើសនេសាទ ដែលបង្កឡើងដោយអ្នកខាងក្រៅសហគមន៍ ការកាប់ទន្ទ្រាញព្រៃកោងកាង និងការចាក់លប់ដែននេសាទសហគមន៍ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជន ជាដើម។

ទស្សនកិច្ចសិក្សានេះមានគោលបំណង៖
*ចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក ពីដំណើរការគ្រប់គ្រង និងភាពអ្នកដឹកនាំល្អ នៅក្នុងសហគមន៍នេសាទ
*ពង្រឹងសមត្ថភាពគណៈកម្មការសហគមន៍ ដើម្បីគ្រប់គ្រងសហគមន៍នេសាទ ឲ្យមានប្រសិទ្ធភាពតាមរយៈ ការបែងចែកតួនាទីគ្រប់គ្រង និងទទួលខុសត្រូវក្នុងសហគមន៍
*ស្វែងយល់ពីសក្តានុពលធនធាន ដែលមានក្នុងដែននេសាទសហគមន៍ ដើម្បីមានឱកាសរកប្រាក់ចំណូល គាំទ្រសកម្មភាពដំណើការគ្រប់គ្រង សហគមន៍នេសាទ
*បង្កើនទំនាក់ទំនងល្អរវាងសហគមន៍នេសាទ និងសហគមន៍នេសាទ តាមរយៈការប្រជុំបណ្តាញសហគមន៍នេសាទតំបន់ឆ្នរ។

ឆ្លងតាមរយៈនៃដំណើទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដល់ចូលរួម បានរៀនសូត្រនូវបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ជាពិសេសបទពិសោធន៍នៃការការពារដែននេសាទ ការស្វែងរកថវិកាពីប្រភពនានារួមមាន សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងសហគមន៍ សម្រាប់និរន្តរភាពនៃដំណើរការសហគមន៍ នេសាទតទៅថ្ងៃមុខ។ ជាពិសេសសហគមន៍ទាំងអស់ បានចូលរួមដាំដើមកោងកាងជានិមិត្តរូប ក្រោមពាក្យស្លោក «កោងកាងការពារយើង- យើងការពារកោងកាង» និងដាក់ស្លាកសញ្ញាអប់រំផងដែរ។

សហគន៍នេសាទតំបន់ឆ្នេរ អាជ្ញាធរមូលដ្ឋាន មន្ទីជំនាញពាក់ព័ន្ធ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងការការពារធនធានជលផលឱ្យបានគង់វង្ស៕