(កណ្តាល)៖ ដោយមានការផ្តួចផ្តើមគំនិតពីលោក គីម រិទ្ធី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បានរៀបចំ និងណែនាំឲ្យ ស.ស.យ.ក ស្រុក មានការបង្កើតជាអំណោយ នៃក្តីស្រលាញ់ ចែកជូនដល់ចាស់ជរាគ្មានទីពឹង និងចាស់ជរាទីទ័លក្រ នៅតាមមូលដ្ឋាន ។
គោលបំណង គឺចង់ឲ្យសមាជិក ស.ស.យ.ក តាមភូមិ ឃុំ មានការចូលរួមការងារសង្គម ការងារមនុស្សធម៌ នៅក្នុងមូលដ្ឋានរបស់ខ្លួន ទោះបីជាសកម្មភាពណាមួយក៏ដោយ មិនថាតិចក្តីច្រើនក្តី ពោល គឺចែករំលែកក្តីស្រលាញ់ ធ្វើឡើងដោយស្ម័គ្រចិត្ត ពេញចិត្ត និងដោយមិនប្រកាន់និន្នាកាលនយោបាយ ។
ប្រភពអំណោយ នៃក្តីស្រលាញ់នេះ គឺបានការគាំទ្រពី លោកប្រធាន អនុប្រធាន ស.ស.យ.ក ស្រុក, យុវជនស្រុក ដែលជាអតីតវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងសប្បុរសជននានា បានឧបត្ថម្ភជាថវិកា និងសម្ភារៈផ្ទាល់ខ្លួនបន្តិចបន្តួច ដែលជាវប្បធម៌ចែករំលែក ផងដែរ ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក លីម ស៊ីលាង អនុប្រធានប្រចាំ ស.ស.យ.ក ស្រុក តំណាងឲ្យលោក ចាន់ តារា អនុប្រធាន ស.ស.យ.ក ស្រុក បានខិតខំរៀបចំ និងនាំយកអំណោយ នៃក្តីស្រលាញ់ ស.ស.យ.ក ស្រុកខ្សាច់កណ្តាល ដោយសហការណ៍ជាមួយ ស.ស.យ.ក ឃុំព្រែកតាមាក់ និងក្រុមប្រឹក្សាឃុំ ចុះចែកជូនចាស់ជរាក្រីក្រ ចំនួន ១០គ្រួសារ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្នងនោះ លោក ចាន់ តារា អភិបាលរងស្រុក និងជាអនុប្រធាន ស.ស.យ.ក ស្រុកខ្សាច់កណ្តាល បានឧបត្ថម្ភថវិកា ចំនួន៤លានរៀល សម្រាប់គាំទ្រមូលនិធិអំណោយ នៃក្តីស្រលាញ់ ស.ស.យ.ក ស្រុកខ្សាច់កណ្តាល ដើម្បីបន្តការងារមនុស្សធម៌ នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ផងដែរ។ ថៅកែហាង ហ៊ា ម៉ាប់ លក់ទូរស័ព្ទដៃទំនើប និងថៅកែភោជនីយដ្ឋាន គោចរ ឆ័ត្រមាស បានឧបត្ថម្ភចំនួន២ឃីត/គ្រួសារផងដែរ៕