(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានលើកឡើងថា សន្តិភាពនិងស្ថិរភាព ជាមូលរដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍ ផ្ទុយមកវិញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ធានាការពង្រឹងសន្តិភាព ស្ថេរភាពសង្គម ដូច្នេះសូមពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាព ឱ្យស្ថិតស្ថិរជានិរន្ត ដោយមិនឱ្យក្រុមណា ឬបក្សណាមួយមកបំផ្លាញបានឡើយ។
ការថ្លែងបែបនេះរបស់ លោក ចាន់ កុលបុត្រ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុង ពិធីរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំពងទឹក ដែលមានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងអស់លោក លោកស្រីជាក្រុមការងារ ប្រជាពលរដ្ឋសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជាង២០០នាក់ ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ចាន់ កុលបុត្រ បានលើកឡើង អំពីប្រវត្តិប្រទេសកម្ពុជា ដែលបានឆ្លងកាត់ នូវភ្លើងសង្គ្រាមរាប់មិនអស់ ហើយត្រូវបានប្រមុខថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន និងឥស្សរៈជនជាច្រើន បានដឹកនាំតស៊ូរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សបានជ្រោងខ្ពស់ទង់ មហាសាមគ្គីជាតិ ដឹកនាំការស្តា និងកសាងប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ និងទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកសារជាថ្មីទៀត ហើយបានធ្វើជាស្នូល នៃដំណើរការបង្រួបបង្រួមជាតិ រហូតបញ្ចប់បាននូវសង្គ្រាមរ៉ាំរ៉ៃជិត៣ទសវត្ស កសាងសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ដែលបានផ្តល់ភាពអនុគ្រោះយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកែលម្អជីវភាពរបស់ប្រជាជន ឱ្យកាន់តែប្រសើរឡើង។
លោក ចាន់ កុលបុត្រ ក៏បានបានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឱ្យបានល្អ ជាពិសេសក្មេងតូចៗ កុំឱ្យលេងទឹកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារការឆ្លងជំងឺគ្រុនឈាម ដែលកើតចេញពីមូសខ្លាខាំ ត្រូវគេងក្នុងមុង ជាពិសេសក្មេងតូចៗ និងជួយអប់រំណែនាំកូនចៅ ឱ្យគោរពច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ក្នុងនោះត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើននៅវិញផ្ទះ ដើម្បីការពារខ្យល់ និងបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុផ្សេងៗ ផងដែរ។
ជាមួយគ្នានេះដែរ លោក រស់ ផារិទ្ធ ក៏បានឡើងអានសន្ទរកថា ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិការគណបក្សនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានស្តាប់ផងដែរ៕