(ភ្នំពេញ)៖ សៀវភៅ «យល់ដឹង ពីការថែទាំសុខភាពសហគមន៍» ដែលផ្តល់សារអប់រំសុខភាពជាមូលដ្នាន ដើម្បីបង្ការ និងថែទាំសុខភាពប្រជាជន គ្រប់វ័យ រស់នៅទីក្រុង ឬទីជនបទ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
នៅក្នុងសិក្ខាសាលា ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ «យល់ដឹង ពីការថែទាំសុខភាពសហគមន៍» នៅខេត្តកំពង់ចាមនេះ, លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា សៀវភៅនេះ ចែកចេញជា៥ជំពូក ដែលរួមមាន៖ ជំពូកទី១៖ អំពី សេវាសុខភាព និងការរស់នៅប្រកបដោយសុខភាព ការការពារ និងថែទាំទាក់ទងនឹង ជំងឺមិនឆ្លង, ជំពូកទី២៖ សុខភាពកុមារ, ជំពូកទី៣៖ សុខភាពស្ត្រី និងការមានផ្ទៃពោះ, ជំពូកទី៤៖ សុខភាព មនុស្សពេញវ័យ និងជំពូកទី៥៖ ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ ។
លោកស្រីវេ្ជបណ្ឌិត បានថ្លែងបន្ដថា សៀវភៅនេះ គឺនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្នុងការអប់រំសុខភាពប្រកបដោយប្រសិទ្ធិភាព ហើយក៏ជាយុទ្ធសាស្រ្តគន្លឹះមួយរបស់ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ការគ្របដណ្តប់សេវាជាសកល និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល។
ការអប់រំសុខភាពប្រកបដោយប្រសិទ្ធិភាព គឺធ្វើឱ្យបុគ្គលម្នាក់ៗ និងសហគមន៍ មានសមត្ថភាពទទួលបាន និងយល់ដឹងពីព័ត៌មានសុខភាព សេវាសុខភាព ព្រមទាំងអាចប្រើប្រាស់ព័ត៌មានសុខភាពទាំងនោះ ក្នុងការការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ និងការជ្រើសរើសសេវាសុខភាព។ ការអប់រំសុខភាព ប្រកបដោយប្រសិទ្ធិភាព ផ្តោតលើការ ផ្តល់ចំនេះដឹង ការលើកទឹកចិត្ត ភាពជឿជាក់ និងការគាំទ្រដល់បុគ្គល និងសហគមន៍ ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថ ប្រកបដោយសុខភាព ដូច្នេះ តំរូវឱ្យមានការប្តេជ្ញាចិត្ត និងការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស គឺពីបុគ្គលខ្លួនឯងផ្ទាល់តែម្តង។
លោកស្រីបន្ដថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជានិច្ចកាល បានយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីសុខភាព និងការស្វែងរកសេវា សុខភាពសមស្រប ដោយបានចាត់ទុកការអប់រំសុខភាព និងការផ្លាស់ប្តូរឥរិយាបថ ជាយុទ្ធសាស្រ្តអាទិភាពមួយ ដើម្បីជំរុញការលើកម្ពស់សុខភាព និងមានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពជាសេនាធិការ តាមដាន និងសម្របសម្រួល។
ទន្ទឹមនឹងនេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ថែមថា ក្រសួងក៏បានពង្រឹងយន្តការសហគន៍ ដូចជា ការដាក់ឱ្យមានក្រុមទ្រទ្រង់សុខភាពភូមិ និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ដែលជាយន្តការសំខាន់ ជំរុញការអប់រំសុខភាពប្រកបដោយប្រសិទ្ធិភាព។ ការរៀបចំសៀវភៅ ការយល់ដឹងពីការថែទាំសុខភាពសហគមន៍នេះ ធ្វើឡើងដោយយកចិត្តទុកដាក់ពី នាយកដ្នាន និងមជ្ឈមណ្ឌលក្រោមឱវាទក្រសួងសុខាភិបាល និងបានធ្វើតេស្តសាកល្បងជាមួយក្រុមគោលដៅ ដើម្បីធានាថា ខ្លឹមសារនៅក្នុងសៀវភៅនេះ ងាយយល់ និងអាចអនុវត្តបាន នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវ ដល់មន្រ្តីសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាយកសៀវភៅនេះទៅផ្សព្វផ្សាយបន្ត ឱ្យបានទូលំទូលាយបំផុតតាមយន្តការដែលមានស្រាប់ ក្នុងសហគមន៍។ អ្នកអប់រំសុខភាពគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺក្រុមទ្រទ្រង់សុខភាពភូមិ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀត អាចដកស្រង់យកខ្លឹមសារនៃសៀវភៅនេះ ទៅអប់រំបន្ត ឬធ្វើជាឯកសារយោងមួយសំខាន់ សម្រាប់ជំរុញការអាន និងការពិភាក្សាអំពីបញ្ហាសុខភាព នៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព។
ព្រមជាមួយគ្នានោះដែរ លោកស្រី ក៏បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ និងអង្គការសុខភាពពិភពលោក ដែលបានខិតខំអភិវឌ្ឍន៍សៀវភៅមួយក្បាលនេះឡើង ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ៕