(សៀមរាប)៖ សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព ស្តង់ដារតំបន់ និងអាស៊ាន ប្រកបដោយសមធម៌ និងបរិយាបណ្ណ។ ក្នុងទិសដៅនេះ ក្រសួងសុខាភិបាលបានដាក់ចេញជាយុទ្ធសាស្រ្ត ដោយផ្តល់អាទិភាព វិនិយោគលើជំនាញគ្លីនីក ឱ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាល មូលដ្ឋានដល់និស្សិតយើង ឱ្យប្រកបដោយជំនាញ និងសមត្ថភាពខ្ពស់ ដើម្បីឱ្យការផ្តល់សេវាសុខាភិបាលរបស់យើង ប្រកបដោយប្រសិទ្ធភាព។
ការថ្លែងបែបនេះ របស់លោកសាស្ដ្រចារ្យ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ដែលប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺទី២៧-២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ។
លោកសាស្ដ្រាចារ្យ អេង ហួត បានថ្លែងបន្ដថា «ឈរលើមូលដ្ឋាននេះ ខ្ញុំសូមផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន សម្រាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមមាន៖ សិក្សាវិភាគឱ្យបានល្អិតល្អន់ លើតំរូវការទីផ្សារនៃការបណ្តុះបណ្តាលគ្រប់ជំនាញនៃវិស័យសុខាភិបាល និងពិនិត្យគោលនយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាលឱ្យបានស៊ីជម្រៅ ដើម្បីប្រាកដថា ផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រតិបត្តិតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ជាងនេះទៅទៀត ការធ្វើទំនើបកម្មលើការងារបណ្តុះបណ្តាល ការងារស្រាវជ្រាវ ការផ្តល់សេវា និងការគ្រប់គ្រង ឱ្យស្របតាមការវិឌ្ឍរបស់សង្គមនាសត្សវត្សទី២១នេះ»។
លើសពីនោះ ត្រូវរៀបចំក្របខណ្ឌកម្មវិធីសិក្សា ឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍឧស្សាហកម្ម នៃវិស័យសុខាភិបាល, ពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណា ឱ្យទទួលបានការទទួលស្គាល់គុណភាព បណ្តុះបណ្តាល ទាំងកម្រិតជាតិ និងកម្រិតអន្តរជាតិ។ ត្រូវលើកទិសដៅ និងកំណត់អាទិភាព ដើម្បីធ្វើយ៉ាងណា ឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅតែជាសាកលវិទ្យាល័យឈានមុខគេមួយ ក្នុងថ្នាក់ជាតិ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងឈានទៅរកឧត្តមភាព លើការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល ជាងពិសេស ត្រូវរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃឲ្យមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ បន្ដថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រកបដោយគុណភាពល្អ»។
ជាមួយគ្នានោះ សាកលវិទ្យាធិការ សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានលើកឡើងថា «សិក្ខាសាលា ក្នុងរយៈពេល២ថ្ងៃនេះ យើងនឹងខិតខំប្រឹងប្រែង ដើម្បីប្រមូលធាតុចូលផ្សេងៗ ក្នុងការពិនិត្យឡើងវិញនូវចក្ខុវិស័យ បេសកម្មគោលដៅយុទ្ធសាស្ដ្រ ដែលនឹងត្រូវអនុវត្ដ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ពីឆ្នាំ២០១៩-២០២៣ ។យើងនឹងពិភាក្សាផងដែរ អំពីការអនុវត្ដផែនការយុទ្ធសាស្ដ្រ របស់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ឆ្នាំ២០១៩-២០២៣ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយក្នុងរយៈពេល០៥ឆ្នាំ ពី ២០១៤-២០១៨ សាកលវិទ្យាល័យ បានបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាលសរុប បាន ៦,៩៥៩នាក់ ស្មើនឹង៨៩.៦% នៃគោលដៅគ្រោងទុក»។
លើសពីនោះ សាកលវិទ្យាល័យ ក៏កំពុងត្រៀមរៀបចំការសិក្សាអត្រានិស្សិតបញ្ចប់ការសិក្សា និងមានការងារធ្វើក្នុងវិស័យសុខាភិបាល ។បច្ចុប្បន្ន សាកលវិទ្យាល័យ ដំណើរការកម្មវិធីជាតិ ចំនួន០៣ នៅតាមមហាវិទ្យាល័យ សាលាស្មើនឹង៧៥% នៃគោលដៅគ្រោងទុក ។ គ្រប់មហាវិទ្យាល័យ សាលា នៃស.វ.ស បានអនុវត្តកម្មវិធីសិក្សាដែលផ្អែកលើ សមត្ថភាពជំនាញ និងប្រើប្រាស់មន្ទីរពិសោធន៍បង្ហាញត្រាប់ ដើម្បីទ្រទ្រង់ការបង្រៀន និងការរៀន។ មកដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យ មានមុខវិជ្ជា
ដែលបានសមាហរណកម្មជាមួយការបង្រៀនបង្ហាញត្រាប់ ចំនួន១៧១មុខវិជ្ជា លើចំនួនមុខវិជ្ជាសរុបនៃការបណ្តុះបណ្តាលនៅស.វ.ស ចំនួន៤៥០មុខវិជ្ជា។
លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងបន្ដថា «យើងបានបណ្តុះបណ្តាលគរុកោសល្យមូលដ្ឋានដល់គ្រូ បានចំនួន ៣៨២ នាក់ និងបានរៀបចំការប្រឡងទាំងអស់ ទាំងការប្រឡង MCQ និងការប្រឡងគ្លីនិក OsCE ដោយអនុវត្តតាមប្រព័ន្ធអេឡិចត្រូនិច។ សាកលវិទ្យាល័យ បានរៀបចំឲ្យមានសេវាផ្សេងៗដូចជា សេវាគ្លីនិកទន្តសាស្ត្រ សេវាផលិតថ្នាលបណ្តុះមេរោគ សេវាធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត សេវាអប់រំសុខភាព និងព្យាបាល តាមសហគមន៍ដោយពុំគិតកម្រៃ សេវាលិខិតបទដ្ឋាននិស្សិត និងសេវានិស្សិតផ្សេងៗទៀត»។
ជាងនេះទៅទៀត បច្ចុប្បន្ន សាកលវិទ្យាល័យ មានដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ សរុបចំនួន ៩០ស្ថាប័ន និងចូលជាសមាជិកបណ្តាញជាតិ និងអន្តរជាតិ ចំនួន០៧។ ស្ថិតិនេះ មានការកើនឡើងសឹងតែ ០២ ដង ប្រសិនធៀបនឹងចំនួនដៃគូស.វ.ស
នៅឆ្នាំ២០១៤។ លើសពីនេះ សកម្មភាពផ្លាស់ប្តូរសាស្ត្រាចារ្យ មន្ត្រី បុគ្គលិក និស្សិត ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរជាទីមោទនៈផងដែរ។
សូមជម្រាបថា ក្នុងឆ្លៀតឱកាសនោះ លោកសាស្ដ្រាចារ្យ អេង ហួត ក៏បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំប្រតិបត្តិតាមគោលនយោបាយរាជរដ្ឋាភិបាល ពង្រឹងការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់សេវាប្រកបដោយគុណភាពខ្ពស់នាពេលកន្លងមក និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ រួមទាំង អង្គការ Freds Hollows និង Eye Care Foundation ដែលបានជួយឧបត្ថម្ភការរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាល៕