(ព្រះសីហនុ)៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា ពិព័រណ៍ការកម្សាន្ត និងការវិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩ ជាឱកាសដ៏ឧត្តមមួយសម្រាប់ការជួបជុំ សហការដោះដូរ និងពង្រីកអាជីវកម្ម រវាងម្ចាស់អាជីវកម្ម អ្នកជំនួញ អ្នកវិនិយោគិនជាតិ និងអ្នកវិនិយោគិនបរទេស ដែលសកម្មភាពទាំងនេះ បានបង្កើនការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា កាន់តែខ្លាំងក្លា និងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរថែមមួយកម្រិតទៀត។
ការអះអាងបែបនេះ របស់លោក សំ សិរីរតន៍ បានធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងឱកាសដែលោកបានអញ្ជើញ ចូលរួមបើកវេទិកា «ពិព័រណ៍ការកម្សាន្ត និងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩» (Asia Entertainment and Investment Expo 2019) ដែលធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ លោក សំ សិរីរតន៍ បានថ្លែងថា ស្របពេលដែលប្រទេសកម្ពុជា ជាម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច តាងនាមឱ្យក្រសួងពាណិជ្ជកម្ម ពិតជាមានមោទនភាព ដែលប្រទេសកម្ពុជា ត្រូវបានជ្រើសតាំងជាកន្លែងប្រជុំទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជជែកពិភាក្សាទាក់ទងនឹងការវិនិយោគ លើវិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋានកម្សាន្ត និងបដិសណ្ឋារកិច្ចប្រចាំតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០១៩នេះ។
បន្ថែមពីនេះ លោកមានជំនឿយ៉ាងមុតមាំយ៉ាងដូច្នេះថា៖ «ពិព័រណ៍ការកម្សាន្ត និងការវិយោគប្រចាំតំបន់ អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩» គឺជាឱកាសដ៏ឧត្តមមួយ សម្រាប់ការជួបជុំ សហការដោះដូរ និងពង្រីកអាជីវកម្ម រវាងម្ចាស់អាជីវកម្ម អ្នកជំនួញជាពិសេសវិនិយោគិនជាតិ និងវិនិយោគិនបរទេស ដែលសកម្មភាពទាំងនេះ បានបង្កើនការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាកាន់តែខ្លាំងក្លា និងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរឡើង ថែមមួយកំរិតទៀត»។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាក្រុមហ៊ុនដែលកំពុងមានវត្តមានក្នុងព្រឹត្តិការណ៍ពិព័រណ៍ (AGE2019) ចំនួនជាង៦0ស្ដង់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនអន្តរជាតិ អញ្ជើញមកពីប្រទេសអង់គ្លេស ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ម៉ាល់តា អូស្រ្តាលី ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលបានចូលរួមគំាទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារ ដើម្បីបង្កើតនូវព្រឹត្តិការណ៍រដ៏ធំ និងមានសារៈប្រយោជន៍នេះឡើង។
ចំណែកលោក Dato' Jerel Soo នាយកប្រតិបត្តិក្រុមហ៊ុន Worldex Trade Media Asiaបានថ្លែងថា ពិព័រណ៍ការកម្សាន្ត និងការវិយោគប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ ឬ Asia Entertainment and Investment Expo 2019 ហៅកាត់ថា AGE2019» មានគោលដៅក្នុងការបង្កើន ការរីកដុះដាលនៃបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនឱកាសទំនាក់ទំនងលើកិច្ចការងារជាច្រើន ដែលរួមមានផ្នែកឧស្សាហកម្មផងដែរ។
លោកបានបង្ហាញក្តី រំពឹងទុកថានឹងមានអ្នកចូលរួមទស្សនាជាង ៣៥០០នាក់ ដែលនឹងអាចជាសក្តានុពលក្នុងការជំរុញ ឱ្យមានចរន្តសាច់ប្រាក់ ច្រើនជាង៣០លានដុល្លារ ក្នុងរយៈពេល២ថ្ងៃនេះ។
ហើយវេទិកានេះរៀបចំឡើងដោយក្រុមហ៊ុន Worldex Expo Cambodia នេះជាជំនួបដ៏សំខាន់សម្រាប់ទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និងបដិសណ្ឋារកិច្ច។ អ្នកវិនិយោគចម្រុះជាតិសាសន៍ ចំនួន៨០នាក់ មកពីបណ្តាប្រទេសចំនួន១៥ដូចជា៖ ចក្រភពអង់គ្លេស, ចិន, សហរដ្ឋអាមេរិក, ហុងកុង, ម៉ាកាវ, កូរ៉េ, ជប៉ុន, ម៉ាឡេស៊ី, សិង្ហបុរី, ម៉ាល់តា, តៃវ៉ាន់, ហ្វីលីពីន, រុស្សី និងកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ ដែលមានចំនួន៦០ស្តង់។
វេទិកានេះនឹងទាក់ទាញភ្ញៀវកិត្តិយសអន្តរជាតិចម្រុះជាតិសាសន៍ចំនួន៨០ មកពីបណ្តារប្រទេសចំនួន១៥ មានដូចជា៖ ប្រទេសចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន ហុងកុង ម៉ាកាវ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ ម៉ាល់តា តៃវ៉ាន់ ហ្វីលីពីន រុស្សី និងប្រទេសកម្ពុជា៕