(ភ្នំពេញ)៖ ក្រោមជំនួយថវិកាពី USAID អង្គការក្រៅរដ្ឋាភិបាល Wedu បានបង្កើតកម្មវិធីហ្វឹកហ្វឺនស្ត្រីវ័យក្មេងនៅកម្ពុជាមួយ ដែលមានឈ្មោះថា Women's Leadership Academy for Women in Tech ដើម្បីឱ្យពួកគាត់មានចំណេះដឹង កាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា និងក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះនាពេលអនាគត។
Women's Leadership Academy for Women in Tech ត្រូវបានបង្កើតឡើងមានរយៈពេលកន្លះឆ្នាំ ចាប់ពីខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០១៩។ សម្រាប់ការហ្វឹកហ្វឺនផ្ទាល់ ត្រូវបានរៀបរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅឯសាលកវិទ្យាល័យជាតិគ្រប់គ្រង ក្នុងបណ្ណាល័យសម្តេច ហ៊ុន សែន ឬហៅថា NUM Innovation Lab។
កញ្ញា ណារ៉ា សុខេមា អ្នកប្រឹក្សាកម្មវិធី បានថ្លែងថា គោលបំណងដែលនាំឱ្យមានការបង្កើតកម្មវិធី Women's Leadership Academy for Women in Tech មួយនេះឡើង គឺដើម្បីលើកស្ទួយឱ្យមានស្ត្រីច្រើនជាងមុន ចូលទៅក្នុងវិស័យបច្ចេកវិទ្យា។ កម្មវិធីនេះ មិនត្រឹមតែឱ្យស្ត្រីចូលទៅស្គាល់ កាន់តែច្បាស់ពីវិស័យបច្ចេកវិទ្យាទេ ក៏ប៉ុន្តែក៏ចង់ឱ្យស្ត្រីឈានមុខ នៅក្នុងវិស័យបច្ចេកវិទ្យានេះតែម្តង។
អ្នកប្រឹក្សាកម្មវិធីរូបនេះ បានថ្លែងបន្តថា «អញ្ចឹងកម្មវិធីនេះ យើងជ្រើសរើសយកស្រ្តីវ័យក្មេង ដែលភាពច្រើនគាត់រៀននៅមហាវិទ្យាល័យ អ្នកខ្លះគាត់ទើបតែរៀនចប់មហាវិទ្យាល័យ ហើយយើងផ្តល់ជាវគ្គបណ្តុះបណ្តាលឱ្យពួកគាត់ យើងមានការផ្គូរផ្គងទៅនឹង Mentor ដូចជាសិស្សច្បង ឬអ្នកចេញធ្វើការហើយ ដើម្បីផ្តល់ដំបូន្មាន។ យើងមាន Online Learning Platform ដែលគាត់អាចរៀនតាម Online ទៅលើភាពជាអ្នកដឹកនាំ ទៅលើការអភិវឌ្ឍខ្លួនឯងផ្សេងៗ ហើយកម្មវិធីប៉ុន្មានថ្ងៃនេះទៀត យើងបង្រៀនបន្ថែមដើម្បីឱ្យគាត់ កាន់តែមានទំនុកចិត្ត គាត់មាន Network នៅក្នុងវិស័យហ្នឹងស្រាប់ ដើម្បីឱ្យគាត់មានស្នាដៃឆ្នើម នៅក្នុងវិស័យបច្ចេកវិទ្យា»។
កញ្ញា ណារ៉ា សុខេមា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ Wedu ផ្តល់ការគាំទ្រឱ្យស្ត្រីតាំងពីខែកុម្ភៈមកម្លេះ គឺតាំងពីពួកគាត់មាន Mentor រហូតទៅដល់ខែកក្កដា។ អ្នកទាំងអស់នោះ មិនមែននៅភ្នំពេញទេ គឺសុទ្ធតែនៅតាមខេត្ត អញ្ចឹងតាំងពីខែកុម្ភៈ ដល់ខែកក្កដា ពួកគាត់ជួបជាមួយ Mentor ក៏ដូចជាជួបជាមួយ Online តាមរយៈទូរស័ព្ទ ឬក៏ Internet ហើយរយៈពេលនេះ ពួកគាត់ឡើងមកភ្នំពេញទាំងអស់គ្នា គាត់បានហ្វឹកហាត់ផ្ទាល់ៗបែបនេះតែម្តង។
«កម្មវិធីនេះយើងបានជំនួយថវិកាពី USAID យើងមានដៃគូច្រើននៅក្នុងការអភិវឌ្ឍ កម្មវិធីរបស់យើង។ អញ្ចឹងបន្ទាប់ថ្ងៃនេះ អ្នកចូលរួមគាត់មានទំនុកចិត្តជាងមុន ហើយគាត់មានការអភិវឌ្ឍ សមត្ថភាពខ្លាំងជាងមុន មានភាពជាអ្នកដឹកនាំ ហើយគាត់មាន Network ច្រើន ជាពិសេសស្ត្រីដែលគាត់កំពុងឈានមុខ ដឹកនាំក្នុងវិស័យបច្ចេកវិទ្យានេះ»។ នេះជាការបញ្ជាក់បន្ថែមពីកញ្ញា ណារ៉ា សុខេមា។
មន្ត្រីស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ លោក Gary D. Anderdon បានថ្លែងថា ស្ត្រីដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យា មានត្រឹមតែ២៥ភាគរយប៉ុណ្ណោះ។ រដ្ឋាភិបាលអាមេរិក តែងតែជួយទៅលើការបណ្តុះបណ្តាល ដូចជាលើវិស័យបច្ចេកវិទ្យានេះជាដើម ដើម្បីជួយជំរុញឱ្យប្រទេសទាំងនោះ មានការអភិវឌ្ឍជាងមុន។
លោកបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងយើងគិតថា ដើម្បីឱ្យប្រទេសមួយអភិវឌ្ឍបានលឿន សម័យឥឡូវយើងត្រូវការបច្ចេកវិទ្យាច្រើន។ ហើយដើម្បីបច្ចេកវិទ្យារីកចម្រើន យើងត្រូវការចូលរួមទាំងប្រុស ទាំងស្រី យើងត្រូវការស្ត្រីដែលមានភាពដឹកនាំ ដើម្បីឱ្យគាត់កាន់តំណែងធំៗ ឬក៏គាត់មានតួនាទីអ្វី នៅក្នុងវិស័យបច្ចេកវិទ្យាហ្នឹងច្រើន ដើម្បីជួយជំរុញឱ្យការអភិវឌ្ឍប្រទេសកាន់តែលឿន»៕